(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទល់ពេលនេះមនុស្សសរុបចំនួន១៧នាក់ហើយ បានបាត់បង់ជីវិត​នៅសហរដ្ឋអាមេរិក បន្ទាប់ពីព្យុះហឺរីខិន Irma បានបោកបក់ពីតំបន់​ការីបៀន សង្រ្គប់មកលើបណ្តារដ្ឋភាគអាគ្នេយ៍ របស់អាមេរិក ក្នុងអំឡុងពេលចុងសប្តាហ៍កន្លងទៅ​៕

២៖ អតីតប្រធានសភាលោកស្រី ហាលីម៉ាហ៍ រ៉ាកូប (Halimah Yacob) ត្រូវបាន​ប្រកាសតែងតាំង​ជាប្រធានាធិបតី​សិង្ហបុរី​ស្ត្រីដំបូងគេ​បំផុតក្នុងប្រវត្តិសាស្ត្រ៕

៣៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅឯសេតវិមាននៃរដ្ឋធានី​វ៉ាស៊ីនតោននិងហុចដៃស្វាគមន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក៏ដូចជាការបណ្តាក់ទុន​វិនិយោគជាច្រើន​​ថែមទៀតពីសំណាក់ប្រជាជាតិ​អាស៊ានមួយនេះ៕

៤៖ ប្រធានក្រុមប្រឹក្សា​រដ្ឋមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី បានសម្រេចលុបចោល​គម្រោងចូលរួម និងថ្លែងសុន្ទរ​កថា​របស់​លោកស្រី នៅឯមហាសន្និបាត​នៃអង្គការសហប្រជាជាតិ (UNGA) លើកទី៧២ក្នុងខែនេះ ដោយសារតែនៅជាប់ដៃជាប់ជើង នឹងបញ្ហារវាងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា៕

៥៖ ប្រជាជនប្រមាណជាង ២០០,០០០នាក់ ត្រូវបានប្រកាសឲ្យជម្លៀសចេញពីខេត្ត ហ្វ៊ូជាន (Fujian) និង ហ្សេជាំង (Zhejiang) ភាគអាគ្នេយ៍ប្រទេសចិនដើម្បីគេចេញពីចង្កូមនៃព្យុះ ទីហ្វុង តាលីម (Talim) ដែលត្រូវជាព្យុះទី ១៨ នឹងវាយលុកតំបន់ភាគអាគ្នេយ៍ចិន នៅក្នុងឆ្នាំ២០១៧៕

៦៖ អាជ្ញាធរខេត្ត Quang Ninh ភាគខាងជើង រហូតដល់ខេត្ត Khanh Hoa ភាគកណ្តាល​ប្រទេស​វៀតណាម ​នា​ថ្ងៃ​ស្អែក​​នឹង​ធ្វើ​ការ​ហាមឃាត់ កប៉ាល់-នាវាផ្សេងៗ មិនឲ្យចេញដំណើរ​ទៅកាន់ផ្ទៃសមុទ្រ​នោះឡើយ ដើម្បីចៀសពីព្យុះទីហ្វុង​​ដ៏ខ្លាំងក្លា​មួយ​ ដែលកំពុងឆ្ពោះ​មករកប្រជាជាតិអាស៊ី​អាគ្នេយ៍​មួយនេះ៕

៧៖ ផ្ទុះ-ឆេះរថយន្ដក្រុង ក្នុងខេត្តសានទុងប្រទេសចិន បង្កឲ្យក្មេងៗមត្តេយ្យកូរ៉េខាងត្បូងនិងចិនសរុបចំនួន១១នាក់ស្លាប់៕