(ហាណូយ)៖ អាជ្ញាធរខេត្ត Quang Ninh ភាគខាងជើង រហូតដល់ខេត្ត Khanh Hoa ភាគកណ្តាល​ប្រទេស​វៀតណាម ​នា​ថ្ងៃ​ស្អែក​​នឹង​ធ្វើ​ការ​ហាមឃាត់ កប៉ាល់-នាវាផ្សេងៗ មិនឲ្យចេញដំណើរ​ទៅកាន់ផ្ទៃសមុទ្រ​នោះឡើយ ដើម្បីចៀសពីព្យុះទីហ្វុង​​ដ៏ខ្លាំងក្លា​មួយ​ ដែលកំពុងឆ្ពោះ​មករកប្រជាជាតិអាស៊ី​អាគ្នេយ៍​មួយនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

បណ្តាខេត្តតាមបណ្តោយ​ឆ្នេរសមុទ្រទាំងនេះ ក៏នឹងធានាឲ្យ​បាននូវប្រតិបត្តិការ​យ៉ាងរលូន ចំពោះទីតាំង​សម្រាប់ឲ្យកប៉ាល់​ ​ក៏ដូចជានាវាទាំងអស់​ចូលសំចត​ផងដែរ នៅមុនពេល​ដែល Doksuri ជាព្យុះត្រូពិកទី ១០ និងខ្លាំងជាង​គេបំផុត នៅក្នុងតំបន់​សមុទ្រ​ចិនខាងកើត គិតចាប់តាំង​តែពីដើម​ឆ្នាំ២០១៧នេះមក។ មួយវិញទៀត ថ្នាក់ដឹកនាំ​វៀតណាម ក៏បានណែនាំ​ដល់​ខេត្ត​ដែលនៅតំបន់ភ្នំ​ភាគខាងជើង​ប្រទេស ឲ្យទទូច​ប្រជាពលរដ្ឋ នៅតាមតំបន់ដែល​ងាយនឹងរងគ្រោះ​ទឹកជំនន់ រួមទាំងគ្រោះ​រអិល​បាក់ដី ឲ្យស្ថិតនៅឆ្ងាយ​ពីតំបន់ទាំងនេះ សម្រាប់រយៈពេល​ប៉ុន្មានថ្ងៃខាងមុខថែមទៀត​ផង។  

គិតត្រឹមវេលាម៉ោង ៧៖០០នាទី នាព្រឹកថ្ងៃព្រហស្បតិ៍ស្អែក ព្យុះ Doksuri ត្រូវគេព្យាករណ៍ថា នឹងមកដល់ចម្ងាយ ​៣២០គីឡូម៉ែត្រ ភាគអាគ្នេយ៍ខេត្ត Nghe An រហូតដល់ Ha Tinh ជាមួយកម្លាំង​ខ្យល់បក់ នៅក្បែរចំណុចកណ្តាល​របស់វា​មាន​ល្បឿនពី ១៣០ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរជម្រាបបន្ថែម​ផងដែរថា គ្រោះមហន្តរាយធម្មជាតិ ពិសេសព្យុះត្រូពិក, ទឹកជំនន់, គ្រោះរអិលបាក់ដី, បានផ្តាច់យកជីវិត​​ ឬ​ក៏​ធ្វើឲ្យមនុស្សបាត់ខ្លួនសរុប ១១៦នាក់ និងបានបង្ក​ការបំផ្លិចបំផ្លាញ​គិតជាទឹកប្រាក់ ៥,៦៤០ពាន់លានដុង (២៥០លានដុល្លារ) ក្នុងអំឡុងពេល ០៨ខែដំបូង នៃឆ្នាំ២០១៧នេះ។ នេះបើតាម​អគ្គនាយករដ្ឋាន​បង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយ​វៀតណាម៕