(ហាងចូវ)៖ ប្រជាជនប្រមាណជាង ២០០,០០០នាក់ ត្រូវបានប្រកាសឲ្យជម្លៀសចេញពីខេត្ត ហ្វ៊ូជាន (Fujian) និង ហ្សេជាំង (Zhejiang) ភាគអាគ្នេយ៍ប្រទេសចិន ដើម្បីគេចេញពីចង្កូមនៃព្យុះទីហ្វុង តាលីម (Talim) ដែលត្រូវជាព្យុះទី ១៨ នឹងវាយលុកតំបន់ភាគអាគ្នេយ៍ចិន នៅក្នុងឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

មជ្ឈមណ្ឌល​ឧតុនិយមចិននៅថ្ងៃពុធនេះ​ បានសម្រេចចិត្ត​បន្តប្រកាសសញ្ញា​អាសន្នពណ៌ទឹកក្រូច (កម្រិតខ្ពស់ បន្ទាប់ពីពណ៌ក្រហម) ដដែល ខណៈខ្យល់ព្យុះ​ទីហ្វុង តាលីម (Talim) ត្រូវបានគេរពឹងថា នឹងវាយប្រហារ​លើ តំបន់ឆ្នេរ​ភាគអាគ្នេយ៍​ប្រទេសចិន នៅក្នុង​ថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រ​សប្ដាហ៍នេះ។

យោងតាមមជ្ឈមណ្ឌល​ឧតុនិយមចិន នៅម៉ោង ៥៖០០នាទី ព្រឹកមិញនេះ ឥទ្ធិពលនៃព្យុះ Talim ដែលជាព្យុះ​ទីហ្វុងទី១៨ ក្នុងឆ្នាំ២០១៧នេះ គឺស្ថិតនៅភាគ​ពាយ័ព្យមហាសមុទ្រ​ប៉ាស៊ីហ្វិក ចំងាយ ៧៦០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍ខេត្ត ហ្សេជាំង (Zhejiang) ជាមួយនឹងល្បឿន​ខ្យល់ ៣៨ម៉ែត្រក្នុងមួយវិនាទី ហើយព្យុះ​ទីហ្វុងនេះ អាចនឹងបន្ត​ធ្វើដំណើរពី​ភាគនិរតី ក្នុងល្បឿនខ្យល់ ២០គីឡូម៉ែត្រក្នុង​មួយម៉ោង ឆ្ពោះទៅកាន់ឆ្នេរ​សមុទ្រខេត្ត Zhejiang។

គួរបញ្ជាក់ថា អាជា្ញធរចិន​ក៏បានចេញសេចក្ដី​ប្រកាសអាសន្ន កម្រិតពណ៌ទឹកក្រូច​ជាថ្មីឡើងវិញផងដែរ ហើយថែមទាំង​ព្រមានដែរថា ខ្យល់ព្យុះ Talim​ អាចនឹងបំលែងខ្លួនទៅជាព្យុះទីហ្វុងកម្រិតធ្ងន់ (super typhoon) ជាមួយល្បឿនខ្យល់បក់ ៥២ម៉ែត្រក្នុងមួយវិនាទី ព្រមទាំងអាច​នឹងវាយប្រហារលើ​តំបន់ឆ្នេរខេត្ត Zhejiang នៅថ្ងៃព្រហស្បតិ៍ ឬព្រឹកថ្ងៃសុក្រនេះ​សប្ដាហ៍នេះ៕