(ម៉ានីល)៖ ក្រុមអ្នកតំណាងរាស្រ្ត​នៃប្រទេសហ្វីលីពីន បានបោះឆ្នោត​អនុម័ត​ការផ្តល់កញ្ចប់ថវិកាត្រឹមតែ ១,០០០ប៉េសូ ដែល​ស្មើនឹង​លុយ ២០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់គណៈកម្មាធិការ​សិទ្ធិមនុស្ស ដែល​កំពុងធ្វើការ​ស៊ើបអង្កេត ទៅលើសង្រ្គាម​ប្រយុទ្ធនឹង​ឧក្រិដ្ឋកម្ម​​​គ្រឿង​ញៀនដ៏ចម្រូងចម្រាស និងបង្ហូរឈាម​របស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាម​ការដកស្រង់ការ​​ផ្សាយចេញពី​សារព័ត៌មាន BBC នៅរសៀល​ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧។

ការកាត់បន្ថយ​កញ្ចប់ថវិកាដល់កម្រិត​យ៉ាងទាបបែបនេះ សម្រាប់គណៈកម្មការ​ទទួលបន្ទុក​សិទ្ធិមនុស្ស ត្រូវបានគាំទ្រ​​ដោយសំឡេង ១១៩ ទល់នឹង ៣២ នៅក្នុងសភា​ហ្វីលីពីន ដោយប្រធានសភា​លោក ផាន់តាឡេអន អាល់វើរែស (Pantaleon Alverez) បានចាត់ទុក​គណៈ​កម្មការនេះថា ឥតបានការ។ លោក Alverez បានបន្តថា «បើសិនជាអ្នក​ចង់ការពារសិទ្ធិ​របស់ឧក្រិដ្ឋជន​នោះ ទៅ​យក​​កញ្ចប់​ថវិកាអ្នក ពីពួកឧក្រិដ្ឋជន​ទាំងអស់នោះទៅ​»។ ក៏ប៉ុន្តែជុំវិញ​រឿងនេះ ក្រុមអ្នករិះគន់​បានលើក​ឡើងថា វា​គឺ​ជា​​ការ​ដាក់​ពិន័យ ចំពោះ​គោល​​ជំហរប្រឆាំង​របស់គណៈកម្មការ​សិទ្ធិមនុស្សហ្វីលីពីន ទៅលើយុទ្ធនាការ​​ប​ង្រ្កាប​គ្រឿង​ញៀន​របស់​ លោក ឌូតឺតេ។

គួរបញ្ជាក់ថា ពីដំបូងឡើយ​គណៈកម្មការ​ខាងលើ ដែលបាននិង​កំពុងតែស៊ើប​អង្កេតលើ ការស្លាប់​នៃ​មនុស្ស​រាប់​ពាន់​នាក់ ចាប់​តាំង​តែ​​ពី​លោក ឌូតឺតេ បានចាប់ផ្តើម​យុទ្ធនាការកាលពីពាក់កណ្តាលឆ្នាំមុនមកនោះ បានដាក់សំណើ​ស្នើសុំឲ្យ​សភា​ផ្តល់​​កញ្ចប់​ថវិកា​ចំនួន​ ១.៧២​ពាន់​លាន​ប៉េសូ (៣៤​លាន​ដុល្លារ) សម្រាប់ឆ្នាំ២០១៨ ក៏ប៉ុន្តែរដ្ឋាភិបាល​បានស្នើមកវិញ ទាប​ជាង​ពាក់​កណ្តាល​​នៃ​​ចំនួននេះ​។ ហើយនាពេលនេះ សភាក៏បាន​សម្រេចកាត់បន្ថយមក​នៅត្រឹម ២០ដុល្លារតែម្តង ធៀបទៅនឹង​ឆ្នាំ២០១៧ ដែល​មានកញ្ចប់​ថវិកាចំនួន ៧៤៩លានប៉េសូ (ជិត​១៥​លាន​ដុល្លារ)៕