(អាមេរិក)៖ ទីភ្នាក់ងារ​ការពារមីស៊ីល (MDA) និងកងទ័ពជើងទឹក​សហរដ្ឋអាមេរិក បានធ្វើតេស្តសមត្ថភាព​ការពារគ្រាប់​មីស៊ីល នៅក្បែររដ្ឋហាវ៉ៃ (Hawaii) ក្រោយ​​កូរ៉េ​ខាង​ជើង​បានសាកល្បងមីស៊ីល​ផ្លោង​យ៉ាងគគ្លើន​សាជាថ្មីម្តងទៀត។ នេះបើតាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧។

ការធ្វើតេស្ត​ខាងលើ ដែលត្រូវបានគ្រោង​រៀបចំជា​មុនយ៉ាងល្អនោះ ត្រូវបានធ្វើឡើង​ចេញពីនាវា​ចម្បាំង​អាមេរិក John Paul Jones តាមរយៈការប្រើប្រាស់​មីស៊ីល​ប្រដេញ​ម៉ាក Standard Missile-6 ឬ SM-6 ដែលបានបាញ់​ស្ទាក់គោលដៅ ជា​មីស៊ីលផ្លោងរយៈចម្ងាយមធ្យមចំនួន​មួយគ្រាប់ ដោយ​ជោគជ័យ បន្ទាប់ពីកូរ៉េខាងជើង​​បានបាញ់មីស៊ីល​ផ្លោងរយៈចម្ងាយមធ្យម​របស់ខ្លួន រំលងពីប្រទេស​ជប៉ុន កាលពីព្រឹកថ្ងៃអង្គារ​សប្តាហ៍នេះ។

គួរបញ្ជាក់ថា ជាមួយគ្នានេះដែរ​ជប៉ុនក៏កំពុងតែ​ព្យាយាមបំពាក់ប្រព័ន្ធ​ការពារមីស៊ីលផ្លោងឈ្មោះ Aegis ឲ្យបាននៅត្រឹម​ឆ្នាំ២០២៣​ផងដែរ ដើម្បីជួយបង្កើន​សមត្ថភាព​ក្នុងការទប់ទល់​នឹងភាពរីកចម្រើន ​នៃមីស៊ីលផ្លោង​របស់កូរ៉េខាងជើង៕