(តេហេរ៉ង់)៖​ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានចោទប្រកាន់ឥតសម្ចៃមាត់ តាមកញ្ចក់ទូរទស្សន៍ថាអារ៉ាប៊ីសាអ៊ូឌីត​បាននិងកំពុងគំាទ្រពួកភេរវករនៅក្នុងសង្រ្គាមយេមែន ហើយ ការលើកឡើងបែបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលេចលឺព័ត៌មានថាប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើការធ្វើដំណើរទស្សនកិច្ចនៃមន្ត្រីការទូត សំដៅធ្វើឱ្យប្រសើរឡើងវិញនូវ ទំនាក់ទំនងការទូតដែលបានកាត់ផ្ដាច់កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ​នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ លោក រូហានី បានកត់សម្គាល់ដូច្នេះថា៖«ការធ្វើអន្តរាគមន៍យោធារបស់អារ៉ាប៊ីសាអ៊ូឌីតនៅក្នុងប្រទេសយេមែន និងការគាំទ្ររបស់ពួកគេដល់ ពួកភេរវករនៅយេមែន និងស៊ីរី គឺជាឧបសគ្គដ៏ចម្បងនៃការធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងរវាងទីក្រុងតេហរ៉ង់ និងទីក្រុងរីយ៉ាត...ដូច្នេះ អារ៉ាប៊ីសាអ៊ូឌីត ត្រូវតែឈប់គាំទ្រពួកភេរវករ តទៅទៀត»។ តែយ៉ាងក៏ដោយនេះមិនមែនជារឿងចម្លែកឡើយ ត្បិតដោយសារតែការដណ្ដើមឥទ្ធិពលគ្នានៅក្នុងតំបន់មជ្ឈិមបូព៌ា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត តែងតែចោទប្រកាន់គ្នាទៅវិញ ទៅមក រឿងគាំទ្រពួកភេរវករ ខណៈពួកគេកំពុងគាំទ្រភាគីជម្លោះម្ខាងម្នាក់នៅយេមែន ស៊ីរី អ៊ីរ៉ាក់ និងលីបង់។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៤ ក្រុមឧទ្ទាមហ៊ូទីមានអ៊ីរ៉ង់កាងនៅពីក្រោយខ្នង បានដណើ្ដមគ្រប់គ្រងរដ្ឋធានី សាណាអា (​Sanaa) ប្រទេសយេមែន ដោយវាយឱ្យកងទ័ពរដ្ឋាភិបាល រត់ភៀសខ្លួនទៅកាន់តែក្រុងអាឌែន ​(Aden)។ តមកទៀត រហូតដល់ឆ្នាំ២០១៥ ទើបអារ៉ាប៊ីសាអ៊ូឌីត សម្រេចចិត្តដឹកនាំក្រុមចំរុះអារ៉ាប់ធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីដើម្បី កងសាងរដ្ឋាភិបាលយេមែនថ្មីឡើងវិញ ទុកទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅក្នុងតំបន់មជ្ឈិមបូព៌ា៕