(ពិភពលោក)៖ នៅថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រោងចក្រចំរាញ់​សារធាតុគីមី អាខេម៉ា (Arkema) នៅក្នុងទីក្រុង ហួស្តុន (Houston) បានសម្រេចចិត្ត​ជម្លៀសបុគ្គលិក​របស់ខ្លួន និងប្រជាជនរស់នៅ​ក្បែរខាង ទៅកាន់កន្លែងមាន​សុវត្ថិភាព ដោយសារតែ​ព្រួយបារម្ភខា្លចក្រែងមានការផ្ទុះណាមួយ បង្កឡើងដោយ​ទឹកជំនន់នៃព្យុះហ៊ឺរីខិន ហាវេយ (Hurricane Harvey)៕

២៖ កូរ៉េខាងជើង បានប្រកាសទទួលស្គាល់ថាខ្លួន ពិតជាបានបាញ់មីស៊ីលរយៈចម្ងាយមធ្យម​មួយគ្រាប់ហោះរំលង​ប្រទេសជប៉ុនកាល​​​ព្រឹក​ថ្ងៃអង្គារម្សិលមិញ រីឯប្រមុខ​ដឹកនាំ​កំពូលទីក្រុង​ព្យុងយ៉ាង ក៏បានបញ្ជាឲ្យ​មានការធ្វើតេស្តមីស៊ីល​បន្ថែមទៀត ទៅលើទីតាំងក្នុង​មហាសាគរ​ប៉ាស៊ីហ្វិកផងដែរ៕

៣៖ ក្រុមសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងពេញទំហឹង​លើកូរ៉េខាងជើង សម្រាប់ការបាញ់​សាកល្បងមីស៊ីលផ្លោង​កាលពី​ថ្ងៃអង្គារ ដោយ​ចាត់ទុកថាទង្វើនេះមិនមែន​ត្រឹមតែជាគំរាមកំហែង​នៅក្នុងតំបន់​ប៉ុណ្ណោះទេ តែវាគឺជាការគំរាមកំហែង​ដល់សមាជិក​ អង្គការសហប្រជាជាតិ​ទាំងអស់៕

៤៖ នាពេលថ្មីៗ​យានអវកាស Cassini របស់​អង្គការ NASA បានថតយក​រូបភាព និងបង្កើតចេញ​ជាវីដេអូ​ដ៏អស្ចារ្យមួយ ស្តែងពីចិញ្ចៀន (ខ្សែក្រវាត់) ​ដ៏​ល្បី​ឈ្មោះ​របស់​​ភព​សៅរ៍ (Saturn) ខណៈពេល​ដែល​យានអវកាសមួយនេះ នឹងបូជាជីវិតរបស់ខ្លួននៅទីនោះ នាខែកញ្ញាខាងមុខនេះ​ហើយ៕

៥៖ សភាធម្មនុញ្ញ​វេណេស៊ុយអេឡាបានចេញក្រឹត្យមួយ ដោយបង្គាប់ឱ្យ​អាជ្ញាធរបើកការ​ស៊ើបអង្កេត និងតាមប្រមាញ់អ្នក​ដែលជាប់​សង្ស័យ​ថា បានគាំទ្រ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិកមកលើរដ្ឋាភិបាល​ទីក្រុងការ៉ាកាស់៕

៦៖ ចិនបានបង្ហាញពីក្តី​សង្ឃឹមរបស់​ខ្លួនថា ឥណ្ឌានឹងមិនអនុញ្ញាត​ឲ្យមានការប្រឈមមុខ​ដាក់គ្នា ដូចទៅនឹងអ្វីដែល​បានកើតឡើង ក្នុងតំបន់​ជម្លោះ ដុកឡេម (Doklam) កើតមានតទៀត​ឡើយនា​ពេលអនាគត៕