(ហាណូយ)៖ សហគ្រាស​ជាង ២១,៧០០កន្លែង ដែលមានឯកទេស​ខាងធ្វើពាណិជ្ជកម្ម ឬជួសជុលរថយន្ត និងម៉ូតូ​ក្នុងប្រទេស​វៀតណាម បានបញ្ឈប់ប្រតិបត្តិការ​​របស់​ខ្លួន នៅអំឡុងពេល ០៨ខែ ចុងក្រោយនៃ​ឆ្នាំ២០១៧នេះ។ នេះបើតាមការ​ឲ្យដឹងពី ទីភ្នាក់ងារគ្រប់គ្រងការចុះបញ្ជី​អាជីវកម្មវៀតណាម ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។

បើនិយាយឲ្យច្បាស់​គឺក្រុមហ៊ុនចំនួន ៦,៨២១ (កំណើនប្រចាំឆ្នាំ​ក្នុងអត្រា ១៤.៧%) បានផ្អាកប្រតិបត្តិការ​ក្នុងរយៈពេលខ្លី ខណៈក្រុមហ៊ុន​ដទៃទៀតបាន​ធ្វើដូចគ្នា ក៏ប៉ុន្តែ​សម្រាប់​រយៈពេលយូរ និងមានអត្រា​កំណើនប្រចាំឆ្នាំ ១៤.៥ភាគរយ។ បន្ថែមពីនេះ យោងតាម​ទីភ្នាក់ងារ​ខាងលើ ដែលស្ថិតក្រោម​ក្រសួងផែនការ និងវិនិយោគ​របស់​ប្រទេស​វៀតណាម សហគ្រាសសរុប​ចំនួន ២,៩២១ ដែលធ្វើអាជីវកម្ម​ខាងលក់ដុំ, លក់រាយ, និងជួសជុល​យានយន្តនោះ ត្រូវបានរំសាយចោល​ទាំងស្រុង ពីព្រោះ​តែបញ្ហាលំបាក​នៃការធ្វើ​អាជីវកម្ម។

គួរបញ្ជាក់ថា យោងតាមក្រុម​អ្នកជំនាញ​វៀតណាម ស្ថានការណ៍នេះ​ត្រូវបានបង្ក​ឡើងមួយផ្នែក ដោយសារតែការដែលពន្ធនាំ​ចូលយានយន្ត​មកកាន់វៀតណាម ពី​បណ្តាសមាជិក​អាស៊ានដទៃៗទៀត ត្រូវបានកាត់​បន្ថយពី ៥០ភាគរយ ក្នុងឆ្នាំ២០១៥ ទៅ ៤០ភាគរយ ក្នុងឆ្នាំ២០១៦, ទៅ ៣០ភាគរយ​នៅឆ្នាំ២០១៧, នឹងទៅសូន្យ​ភាគ​រយ​នៅត្រឹម​ឆ្នាំ២០១៧​ខាងមុខ៕