(ប៉េកាំង)៖ ចិនបានបង្ហាញពីក្តី​សង្ឃឹមរបស់​ខ្លួនថា ឥណ្ឌានឹងមិនអនុញ្ញាត​ឲ្យមានការប្រឈមមុខ​ដាក់គ្នា ដូចទៅនឹងអ្វីដែល​បានកើតឡើង ក្នុងតំបន់​ជម្លោះ ដុកឡេម (Doklam) កើតមានតទៀត​ឡើយនា​ពេលអនាគត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងនា​ថ្ងៃពុធនេះថា «ចិនសង្ឃឹមថា ភាគីឥណ្ឌានឹង​ចងចាំ​មេរៀន ដែលទទួលបាន​ពីបញ្ហាជម្លោះ​​ព្រំដែន​នា​​ពេល​​ថ្មីៗ​នេះ នៅ​​ឯតំបន់​វិវាទ Doklam​ ហើយខិតខំ​ទប់ស្កាត់ ធ្វើយ៉ាងណាកុំឲ្យស្ថានការណ៍​អាក្រក់បែបនេះ កើតឡើងបាន​សាជាថ្មី​ម្តងទៀត នាពេលអនាគត។ លោក Wang បានបន្ថែមថា ចិនមានក្តីបំណង​ចង់​សម្រេចបាន ទំនាក់ទំនង​ប្រកបដោយ​ស្ថិរភាព និងអត្ថន័យ​រវាងប្រទេសជិនខាងទាំងពីរ ពីព្រោះថា វាមិនត្រឹមតែ​ផ្តល់ប្រយោជន៍​ដល់ចិន​តែឯងប៉ុណ្ណោះទេ តែក៏មានសារៈ​សំខាន់​ចំពោះឥណ្ឌា ក៏ដូចជាប្រទេស​ក្បែរខាងដទៃ​ៗទៀតផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើម​សប្តាហ៍នេះ ក្រសួងការបរទេស​ឥណ្ឌា​បានឲ្យដឹងថា ទីក្រុងញូដេលី និងទីក្រុងប៉េកាំង បានឈានដល់​កិច្ចព្រមព្រៀង ស្តីពីការដក​​កម្លាំងទ័ព​រៀងៗខ្លួន ចេញពី​តំបន់វិវាទ Doklam ក្រោយការប្រឈមមុខ​ដាក់គ្នាអស់រយៈពេល​ជាង ០២ខែកន្លងមក៕