​(វ៉ាស៊ីនតោន)៖ អាជ្ញាធរឧតុ​និយមអាមេរិក​បានឱ្យដឹងថា ខ្យល់ព្យុះហ៊ឺរីខិន ហាវី (Harvey) នៅតែបង្កឱ្យ​មានភ្លៀងធ្លាក់​ច្រើននៅ​ឯទីក្រុង ហួស្តុន (Houston) នៃរដ្ឋ តិចសាស់ (Texas) សហរដ្ឋអាមេរិក ខណៈ​សាលារៀន​ជាច្រើន​នៅក្នុងទីក្រុង​មួយនេះ បានប្រកាសកាលពី​ថ្ងៃអាទិត្យ បិទថ្នាក់រៀន​ជាបណ្ដោះអាសន្ន​ទាំងអស់នៅ​សប្ដាហ៍ក្រោយ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ​បើតាមអ្នកនាំពាក្យ​សេតវិមាន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់រដ្ឋ Texas​ នៅថ្ងៃអង្គារ​ស្អែកនេះ (ម៉ោងនៅ​ក្នុងតំបន់)។ អ្នកនំាពាក្យ សេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Sanders) បានបញ្ជាក់​បន្ថែមយ៉ាងដូច្នេះថា «យើងកំពុង​ធ្វើការសម្រប​សម្រួល​ផ្នែកជំនួយ ជាមួយក្រុមមន្ត្រីនៅក្នុងតំបន់ ហើយព័ត៌មាន​លម្អិតនឹង ត្រូវចេញផ្សាយ​នៅពេល​ក្រោយ...»

យោងតាមទីភ្នាក់ងារគ្រប់គ្រង​ពេលគ្រាមានអាសន្ន របស់​រដ្ឋាភិបាលសហព័ន្ធ (FEMA) បានឲ្យដឹងថា សម្រាប់ព្យុះ​ហ៊ឺរីខិនខាងលើនេះ បានបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ហើយបើតាមការព្យាការណ៍ យ៉ាងហោចណាស់​អាជ្ញាធរក៏ត្រូវការពេលរាប់ឆ្នាំដែរ ដើម្បីស្តារការខូចខាតទាំងឡាយឡើងវិញ។

គួរបញ្ជាក់ថា ខ្យល់ព្យុះហ៊ឺរីខិន Harvey ដែលបានបង្ក​ជាគ្រោះទឹកជំនន់ និងការរអិល​បាក់បានផ្ដាច់យក​អាយុជីវិតមនុស្ស ០៦នាក់ នៅក្នុងរដ្ឋ Texas គិតចាប់តាំងពី​ថ្ងៃសុក្រសប្ដាហ៍មុន រី​ឯ ក្រុមអាជ្ញាធរឧតុនិយមអាមេរិកព្យាករណ៍ថា ភ្លៀងធ្លាក់​អាចនឹងបន្តធ្លាក់​នៅក្នុងទីក្រុង Houston និងតំបន់ភាគខាងកើត​នៃរដ្ឋ Texas និងរដ្ឋក្បែរ​ខាងគឺ Louisiana ស្របពេល​កម្ពស់ទឹក ភ្លៀងក្នុង​ខែសីហា កើនដល់ ៦៥សង់ទីម៉ែត្រ៕