(សិង្ហបុរី)៖ មកទល់ព្រឹកថ្ងៃចន្ទនេះសាកសពរបស់នាវិក​ទាំង ១០នាក់ ដែលបាន​បាត់ខ្លួន​ត្រូវបានរកឃើញ​ទាំងអស់ ក្រោយ​នាវាពិឃាត​អាមេរិក John S. McCain បានបុកគ្នាជា​មួយនាវាដឹក​​ប្រេងមួយគ្រឿង នៅក្បែរច្រក​សមុទ្រ ម៉ាឡាក់កា (Malacca) ក្នុងអំឡុង​ពេលធ្វើដំណើរ​ទស្សនកិច្ច មកកាន់ប្រទេស​សិង្ហបុរី កាលពីដើម​សប្តាហ៍មុន។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។

កងទ័ពជើងទឹក​អាមេរិកបានឲ្យដឹងថា បន្ទាប់ពីពេលវេលាកន្លង​ទៅអស់មួយសប្តាហ៍ សាកសពនាវិក​ទាំង ១០នាក់ ត្រូវបានរកឃើញ​ទាំងអស់​ហើយ ខណៈសាក​សព​ពីរនាក់​ក្នុងចំណោម​នោះ ត្រូវបានគេរកឃើញ និងកំណត់​អត្តសញ្ញាណ​កាលពី​សប្តាហ៍មុន។ ស្របពេល​ជាមួយគ្នានេះ ការស៊ើប​អង្កេតក៏កំពុងតែ​បន្តប្រព្រឹត្ត​ទៅ​​ដដែល ដើម្បីកំណត់​ពី​មូលហេតុ ដែលបាន​បណ្តាលឲ្យ​កើតមានគ្រោះថ្នាក់​នេះ​ផងដែរ។

គួរបញ្ជាក់ថា ក្រៅពីហេតុការណ៍​នេះ កាលពីខែមិថុនា​កន្លងទៅ នាវាពិឃាតអាមេរិកមួយគ្រឿង​ទៀតឈ្មោះ USS Fitzgerald ក៏ត្រូវបាននាវាដឹកកុងតឺន័រមួយគ្រឿង​ទៀត​បុកផងដែរ នៅក្បែរ​ឧបទ្វីប អ៊ីហ្ស៊ូ (Izu) នៃប្រទេសជប៉ុន ដែលបានផ្តាច់ជីវិតនាវិក​ដល់ទៅ ០៧នាក់។ ជុំវិញហេតុការណ៍​គ្រោះថ្នាក់​ទាំងពីរនេះ មេបញ្ជាការ​​កងទ័ពជើងទឹក​អាមេរិក​ប៉ុន្មានរូប ថែមទាំងត្រូវបាន​ដកចេញពីមុខតំណែង​ទៀតផង៕​