(បាងកក)៖ ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សភឿថៃ (Puea Thai) របស់អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានឱ្យដឹងថា លោកស្រីបានចាកចេញពីប្រទេសថៃតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយបានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងបន្តឆ្ពោះទៅទីក្រុងឌូបៃ (Dubai) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំជាមួយបងប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលកំពុងរស់នៅទីនោះ។

សមាជិកជាន់ខ្ពស់នៃគណបក្ស ភឿថៃ ដែលបានសុំមិនបញ្ចេញអត្តសញ្ញាណបានបង្ហើបឲ្យដឹងដូច្នេះថា «ពួកយើងបានលឺសូរដំណឹងថា លោកស្រីយីងឡាក់ បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី មុននឹងបន្តដំណើរឆ្ពោះទៅទីក្រុងឌូបៃ ដោយលោកស្រីបានធ្វើដំណើរដោយសុវត្ថិភាព និងខណៈពេលនេះកំពុងតែស្ថិតនៅ ទីនោះ (ឌូបៃ) ហើយ»

មុនមួយថ្ងៃដែលតុលាការចេញដីកាចាប់ខ្លួនលោកស្រី យីងឡាក់, អតីតនាយករដ្ឋមន្រ្តីរូបនោះបានបង្ហោះសារ និងរូបថតប៉ុន្មានសន្លឹកហាក់ដូចជា ចង់និយាយពាក្យលាទុកជាមុន ពោលគឺមួយថ្ងៃ មុនតុលាការ កំពូលថៃប្រកាសសាលក្រម (នៅថ្ងៃទី២៥) គឺនៅថ្ងៃទី២៤ ខែសីហា អតីតនាយករដ្ឋមន្ត្រីរូបនេះបានសរសេរ និងបង្ហោះរូបថត នៅលើ​ទំព័រ Facebook ដោយអំពាវនាវឱ្យអ្នកគាំទ្រ កុំប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការទីក្រុងបាងកក ត្បិតលោកស្រីព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគេ។

ខាងក្រោមនេះគឺជារូបភាពដែលលោកស្រីបង្ហោះ មុននឹងលោកស្រីធ្វើដំណើរទៅ កាន់ទីក្រុងឌូបៃ៖