(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកភាគច្រើនដែលត្រូវបានសម្ភាសន៍ នៅក្នុងការស្ទង់មតិថ្មីមួយបាននិយាយថាសកម្មភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជាបញ្ហាហើយថា ការទម្លាក់លោកចេញពីតំណែងគឺជាដំណោះស្រាយមួយដ៏ល្អ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧។

ការស្ទង់មតិថ្នាក់ជាតិប្រចាំខែ ចេញផ្សាយក្នុងសប្ដាហ៍នេះ ធ្វើឡើងដោយមជ្ឈមណ្ឌលសិក្សានយោបាយអាមេរិក នៃសកលវិទ្យាល័យ Harvard និងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Harris Insights។ មួយវិញទៀត បើតាមលទ្ធផលនៃការស្ទង់មតិនេះដដែល ប្រជាជនអាមេរិកមានសិទ្ធិបោះឆ្នោត ៤៣ភាគរយ ចង់ឱ្យលោកត្រាំត្រូវគេដកចេញពីតំណែង រីឯ៤២ភាគរយថាឱ្យរឿង នេះកើតឡើងតាមដំណើរ ខណៈ១២ភាគរយចង់ឱ្យសភាអាមេរិកជាអ្នកសម្រេច។ តែទោះជាយ៉ាងនេះក្ដី ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក TMZ អតីតទីប្រឹក្សារបស់ លោកត្រាំ គឺលោក Roger Stone បាននិយាយថា ការទម្លាក់លោកត្រាំចេញពីកៅអីប្រធានាធិបតី អាចនឹងធ្វើឱ្យសង្រ្គាមស៊ីវិលផ្ទុះឡើងនៅក្នុងសហរដ្ឋអាមេរិក។ លោក Stone បានគូសបញ្ជាក់ដូច្នេះថា៖ «អ្នកព្យាយាមទម្លាក់គាត់ (លោក ដូណាល់ ត្រាំ) ចុះ... ព្យាយាមចុះ... អ្នកនឹងបានឃើញអំពើហិង្សា និងការបះបោរដែលអ្នកមិនធ្លាប់បានឃើញកើតឡើងនៅក្នុង ប្រទេសមួយនេះ... ហើយអ្នកនយោបាយដែលបោះឆ្នោតទម្លាក់រូបគាត់ នឹងត្រូវជួបហានិភ័យក្នុងជីវិតនយោបាយរបស់ខ្លួនឯង»

គួរបញ្ជាក់ថា បើតាមការស្ទង់មតិខាងលើ មូលហេតុធ្វើឱ្យប្រជាប្រិយភាព លោក ដូណាល់ ត្រាំ ធ្លាក់ចុះគឺដោយសារតែរឿងអាស្រូវមានទំនាក់ទំនងជាមួយរុស្ស៊ី, ការអត្ថាធិប្បាយលើ អំពើហិង្សាក្នុងទីក្រុង Charlottesville និងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងជាដើម៕