(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា នៅទីបំផុតបានចាប់ផ្ដើមធ្វើសមយុទ្ធយោធាថ្នាក់ជាតិទូទំាងប្រទេសហើយ កាលពីថ្ងៃសៅរ៍ (ម៉ោងនៅក្នុងតំបន់) ដោយថែមទាំងអំពាវនាវឱ្យ ប្រជាជនវេណេស៊ុយអេឡាទាំងអស់ ចូលរួមជាមួយកងអង្គភាពយោធាបម្រុង ដើម្បីការពារប្រទេសជាតិ ពីលទ្ធភាពនៃការវាយប្រហារណាមួយពីសំណាក់សហរដ្ឋអាមេរិក បន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ ត្រាំ គំរាមប្រើប្រាស់កម្លាំងយោធាដោះស្រាយវិបត្តិនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ កាលពីជាងពីរសប្ដាហ៍មុនបានគំរាមប្រើប្រាស់កម្លាំងយោធា ហើយកាលពីថ្ងៃសុក្រ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតី ដោយបង្គាប់ឱ្យហាមឃាត់រាល់ ការដោះស្រាយបញ្ហាបំណុលថ្មីៗដែលវេណេស៊ុយអេឡា ឬក្រុមហ៊ុនប្រេងរបស់ពួកគេជំពាក់សហរដ្ឋអាមេរិក ត្បិតលោកយល់ថាការធ្វើបែបនេះអាចនឹងខ្ទប់ដង្ហើមហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលផ្ទាល់ហៅថាជា «របបផ្ដាច់ការ»។ តែយ៉ាងក៏ដោយ លោក ម៉ាឌូរ៉ូ បានឆ្លៀតឱកាសប្រើប្រាស់ការគំរាមពីសហរដ្ឋអាមេរិក ពង្រឹងអំណាចនយោបាយ របស់ខ្លួនតាមរយៈការអំពាវនាវឱ្យប្រជាជនទាំងអស់ចូលរួមក្នុងកងអង្គភាពយោធាបម្រុង ក៏ដូចជាសមយុទ្ធយោធា ដើម្បីការពារប្រទេសពីការវាយប្រហារជាយថាហេតុពីទីក្រុងវ៉ាស៊ីនតោន។ «ប្រឈមមុខនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក ប្រជាជនវេណេស៊ុយអេឡាទាំងអស់មានអាយុចន្លោះពី១៦ ដល់៦០ឆ្នាំ គួរតែចូលរួមចំណែកការពារប្រទេសជាតិ»។ នេះបើតាមសេចក្ដី ថ្លែងការណ៍ចេញផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា។

គួរបញ្ជាក់ថា វេណេស៊ុយអេឡា បានធ្លាក់ចូលក្នុងវិបត្តិនយោបាយធ្ងន់ធ្ងរ អស់រយៈពេលជាង០៤ខែមកនេះ បន្ទាប់ពីក្រុមគណបក្សប្រឆាំងដឹកនាំបាតុកម្មតវ៉ាទាមទារឱ្យលោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីតំណែង ដោយពួកគេចោទថាលោកគ្មានសមត្ថភាពដឹកនាំប្រទេស និងបណ្ដាលឱ្យប្រទេសជាតិធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ក៏ប៉ុន្តែលោក ម៉ាឌូរ៉ូ បានចាត់ទុកថាក្រុមអ្នក ប្រឆាំងនឹងរូបលោកត្រូវបានសហរដ្ឋអាមេរិកគាំទ្រ ក្នុងចេតនាផ្ដួលរំលំរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ៕