(កាប៊ុល)៖ នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ កងទ័ពអ៊ីរ៉ាក់បានប្រកាសថា ពួកគេទើបតែរំដោះបានដោយជោគជ័យ​នៅតំបន់ចំនួន ០៣ ស្ថិតនៅក្នុងទីក្រុង តាល់អាហ្វារ (Tal Afar) ភាគខាងជើង​ប្រទេសអ៊ីរ៉ាក់ ពីកណ្តាប់ដៃ​ក្រុមភេរវករលេខ១លើលោក ISIS។ នេះបើតាមការ​ចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នាល្ងាច​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

ការិយាល័យនៃកងកម្លាំង​ប៉ូលិសសហព័ន្ធអ៊ីរ៉ាក់ ដែលមានឈ្មោះថា ហាសដ៍ ហ្សាអាប៊ី (Hashd Shaabi) ដែលស្ថិតនៅក្បែរទីក្រុង តាល់អាហ្វារ បានឲ្យដឹងថា តំបន់ដែលត្រូវបាន​រំដោះយកពី ISIS មកវិញនោះ​មានដូចជា កាស៊ីយ៉ាហ៍ អ៊ូឡា (Qadsiyah Oula), កាស៊ីយ៉ាហ៍ ថានីយ៉ាហ៍ (Qadsiyah Thaniyah) និង អាល់រ៉ាប៊ី (al-Rabie) ដែលស្ថិតនៅភាគខាងលិចនៃទីក្រុង តាល់អាហ្វារ តែម្តង។

គួរបញ្ជាក់ថា ទីក្រុងតាល់អាហ្វារ គឺជាទីក្រុងធំមួយទៀត​នៅស្ថិតនៅក្នុងការគ្រប់គ្រង​របស់ ISIS ក្រោយពី​ទីក្រុងម៉ូស៊ុល​ត្រូវបានរដោះដោយ​ជោគជ័យ​កាលពីខែមុន ហើយពេលនេះ​កងកម្លាំងរដ្ឋាភិបាល​អ៊ីរ៉ាក់​កំពុងតែប្រើប្រាស់យុទ្ធវិធី​ក្រសោបយក តំបន់ជុំវិញ​ទីក្រុងភាគខាងជើង​ប្រទេសអ៊ីរ៉ាក់​មួយនេះ​បន្តិចម្តងៗ រហូតដល់អាចក្តោបក្តាប់ទាំងមូលតែម្តង នាពេលឆាប់ៗខាងមុខនេះ។ ចំពោះទីក្រុង តាល់អាហ្វារ គឺស្ថិតនៅតែ​ ៧០គីឡូម៉ែត្រ ប៉ុណ្ណោះពីភាគខាងលិចទីក្រុងម៉ូស៊ូល៕