(បាងកក)៖ បើតាមប្រភពពីគណបក្ស ភឿថៃ (Puea Thai) អតីត​នាយករដ្ឋ​មន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានចាកចេញ​ពី​ប្រទេសថៃ​​តាំង​តែ ពី​​​សប្តាហ៍​​មុន​ម្ល៉េះ ហើយបានធ្វើដំណើរ​ទៅកាន់ប្រទេស​សិង្ហបុរី និងបន្តឆ្ពោះទៅ​ទីក្រុងឌូបៃ (Dubai) របស់ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម ដើម្បីជួបជុំ​ជា​មួយ​បង​​ប្រុស គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​​កំពុង​រស់នៅទីនោះ។​ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មានអូស្រ្តាលី ABC នៅរសៀល​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

សមាជិកជាន់ខ្ពស់​នៃគណបក្ស Puea Thai ដែលបានសុំមិន​បញ្ចេញអត្តសញ្ញាណ​បានបង្ហើបឲ្យដឹងថា «ពួកយើងបានលឺសូរ​ដំណឹងថា លោកស្រី យីងឡាក់ បាន​​ធ្វើដំណើរទៅកាន់​ប្រទេសកម្ពុជា ហើយឡើងយន្តហោះបន្តទៅប្រទេសសិង្ហបុរី មុននឹងបន្តដំណើរ​ឆ្ពោះ​ទៅ​ទីក្រុង​ឌូបៃ ដោយលោកស្រី បានធ្វើ​ដំណើរ​ដោយ​សុវត្ថិ​ភាព និងខណៈពេលនេះកំពុងតែស្ថិត​នៅ​ទីនោះ (ឌូបៃ) ហើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ​ម្សិលមិញនេះ គឺជាថ្ងៃដែល​លោកស្រី យីងឡាក់ ត្រូវចូលបង្ហាញខ្លួន​នៅចំពោះមុខ​តុលាការ​កំពូលថៃ ដើម្បីរង់ចាំ​ស្តាប់​​ការ​​ប្រកាស​​សាល​ក្រម​ជុំវិញ​សំណុំរឿងនយោបាយ​ទិញស្រូវ ដែលទទួលបរាជ័យ​របស់លោកស្រី ក៏ប៉ុន្តែពេលដល់កាល​កំណត់ អតីតមេដឹកនាំ​ថៃរូបនេះ​មិនបានបង្ហាញ​ខ្លួន​​នោះ​​ឡើយ ដោយ​មេធាវីរបស់​លោកស្រី​បានលើកឡើងថា រូបលោកស្រីមាន​បញ្ហាសុខភាព។

ប្រការហេតុដូចខាងលើនេះ តុលាការថៃ​បានបង្ខំចិត្ត​ពន្យាពេលប្រកាស​សាលក្រម​ទៅចុងខែ​ក្រោយវិញ ហើយបានចេញ​សាលដី​កា​បង្គាប់ឲ្យចាប់ខ្លួន​​លោក​ស្រី យីង​ឡាក់ ខណៈក្រោយ​មកទៀត ក៏មាន​សេចក្តីរាយការណ៍​ព័ត៌មាន​នៅក្នុងប្រទេស​​ថៃថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរត់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​បាត់​ទៅ​ហើយ៕