(ញូដេលី)៖ យន្តហោះដឹកអ្នកដំណើររបស់ឥណ្ឌាមួយគ្រឿង បានលុបចោលការហោះហើររបស់ខ្លួនភ្លាមៗ​នៅនាទីចុងក្រោយតែម្តង បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីបញ្ហាបច្ចេកទេស ដែលអាចបង្កគ្រោះថ្នាក់​នៅពេលយន្តហោះហោះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី២៦ ខែសសីហា ឆ្នាំ២០១៧។

មន្ត្រីជាន់ខ្ពស់ផ្នែកអាកាសចរណ៍ជាតិឥណ្ឌាមួយរូប បានបញ្ជាក់យ៉ាងដូច្នេះថា «ឧប្បទ្ទវហេតុខាងលើនេះ បានកើតមានឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Chhatrapati Shivaji ទីក្រុង ញូដេលី នៅព្រឹកថ្ងៃសៅរ៍នេះតែម្តង នៅពេលដែលអាកាសចរណ៍ឥណ្ឌា ដែលមានជើងហោះហើរ AI 054 ដឹកអ្នកដំណើរសរុប ១៥០នាក់ សំដៅ​ទៅកាន់​ទីក្រុង កូជី (Kochi) ភាគខាងត្បូងប្រទេស»។

មន្ត្រីខាងលើនេះ បានបន្ថែមទៀតថា «តាមពិតយន្តហោះខាងលើនេះ បានរំកិលជាបណ្តើរៗទៅហើយ ដើម្បីរៀបនឹងធ្វើការហោះឡើងទៅតាមបច្ចេកទេស ប៉ុន្តែភ្លាមៗនោះអាកាសយានិកនៅលើនោះ បានសម្គាល់ឃើញមានភាពមិនប្រក្រតី ទើបសម្រេចផ្អាកការហោះហើរ និងត្រឡប់មកកាន់ចំណត​ដើមវិញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យបច្ចេកទេស ជាកិច្ចរក្សាសុវត្ថិភាពនៃអ្នកដំណើរទាំងអស់»៕