(កាប៊ុល)៖ កងយន្តហោះ​ចម្បាំងអង្គការ NATO បានបើកប្រតិបត្តិការ​យ៉ាងក្តៅគគុក ផ្តាច់ជីវិតពួក​សកម្មប្រយុទ្ធ​ចំនួន ៤២នាក់ និងរបួស ១៧នាក់ នៅខេត្តភាគខាង​ត្បូង​ប្រទេស​អាហ្វហ្គានីស្ថាន បន្ទាប់ពីមានករណី​វាយប្រហារដោយ​អត្តឃាត​ដ៏ក្រើកមួយ ធ្វើឡើងដោយ​ក្រុមភេរវករ​រដ្ឋអ៊ីស្លាម ISIS ទៅលើព្រះវិហារ​មួយកន្លែង​ ក្នុងរដ្ឋធានី​កាប៊ុល ដែលបានបណ្តាល​ឲ្យមនុស្ស ៤០នាក់ស្លាប់ និង ៩០នាក់របួស កាលពីថ្ងៃសុក្រ​ម្សិលមិញ។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី​ Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ប៉ូលិស​អាហ្វហ្គានីស្ថាន លោក អាប់ឌុល រ៉ាហ្សេក (Abdul Razzeq) បានថ្លែង​ឲ្យដឹងថា កងយន្តហោះចម្បាំង​របស់បរទេស បានសម្លាប់ជន​សកម្មប្រយុទ្ធ​យ៉ាងតិច ៤២នាក់ និងធ្វើឲ្យរបួស ១៧នាក់ផ្សេងទៀត នៅក្នុងខេត្តកាន់ដាហារ (Kandahar) ភាគត្បូងប្រទេស។ ប្រតិបត្តិការ​ទម្លាក់គ្រាប់​បែករបស់អង្គការ NATO ខាងលើនេះ ត្រូវបានធ្វើឡើង​ស្រប​ពេល​ដែលក្រុម ISIS បានធ្វើសកម្មភាព​វាយប្រហារដោយ​បំផ្ទុះគ្រាប់បែក​អត្តឃាត នៅក្នុងព្រះវិហារ​អ៊ីស្លាមមួយកន្លែង នៅក្នុងទីក្រុង​កាប៊ុល កាលពីថ្ងៃសុក្រ​ម្សិល​មិញនេះ។

គួរបញ្ជាក់ថា នេះគឺជាការវាយប្រហារ​តាមផ្លូវអាកាស ដ៏ក្តៅគគុក​ជាលើកទីពីរ​ហើយ ដែលធ្វើឡើង​ដោយកងទ័ព​របស់​សហរដ្ឋអាមេរិក រួមទាំង​សម្ព័ន្ធមិត្ត ចាប់​តាំង​​តែ​ពីការប្រកាស​នៃបេសកកម្មថ្មី​របស់អង្គការ NATO នៅអាហ្វហ្គានីស្ថាន៕