(ប៉េកាំង)៖ ចិនប្រឆាំងដាច់ខាតចំពោះ​ទណ្ឌកម្មជាឯកតោ​ភាគីទាំងឡាយ ដែលត្រូវបានដាក់ចេញ ដោយប្រទេសណា​មួយក៏ដោយ នៅក្រៅក្របខណ្ឌនៃក្រុម​ប្រឹក្សា​​សន្តិសុខអង្គការសហប្រជាជាតិ (UNSC)។ នេះបើតាមសម្តី​អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោកស្រី ហួ ឈុងយីង (Hua Chunying) ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ីនសួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

ក្នុងសន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោកស្រី Hua Chunying បានថ្លែងថា ចិនសូមជំទាស់ជាដាច់ខាត ចំពោះទណ្ឌកម្ម ដែលបានដាក់ប្រឆាំង​មកលើក្រុមហ៊ុន ក៏ដូច​ជា​ប្រជាជនចិន ក៏ប៉ុន្តែ​លោកស្រី Hua បានបញ្ជាក់ថា ទីក្រុងប៉េកាំង​កំពុងធ្វើការអនុវត្តន៍​យ៉ាងខ្ជាប់ខ្ជួន ចំពោះសេចក្តី​សម្រេចផ្សេងៗ​ទាក់ទិននឹង​កូរ៉េខាងជើង របស់ UNSC។ លោកស្រី​អ្នកនាំពាក្យ​បានបន្តថា ចិនមិនពេញ​ចិត្តជាខ្លាំង ចំពោះការ​សម្រេចចិត្ត​របស់ជប៉ុន ហើយបានទទូចឲ្យ​ទីក្រុងតូក្យូ កុំដើរតាមលំនាំ​របស់ប្រទេស​​ខ្លះទៀតអី ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រម្សិលមិញ​រដ្ឋាភិបាលជប៉ុន បានសម្រេចដាក់​ទណ្ឌកម្ម​លក្ខណៈឯកតោភាគី ទៅលើក្រុមហ៊ុន និងបុគ្គលមួយចំនួន​មកពីប្រទេសចិន, ណាមីប៊ី (Namibia), និងកូរ៉េខាងជើង ដែលសង្ស័យថា ក្រុមហ៊ុនទាំងនេះបានលួចទាក់ទង​ជាមួយ​ទីក្រុងព្យុងយ៉ាង ដោយជប៉ុនមានគោលបំណង​ដាក់សម្ពាធប​ន្ថែមទៀត ជុំវិញកម្ម​វិធីនុយក្លេអ៊ែរនិង​មីស៊ីលផ្លោង​របស់រដ្ឋកុម្មុយនិស្ត​មួយនេះ៕