(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើការ​លើកលែង​ទោស​អតីតមេប៉ូលិស​តម្រួត​ប្រចាំរដ្ឋ​អារីហ្សូណា (Arizona) ឈ្មោះ ចូ អាផាយ៉ូ (Joe Arpaio) ដែល​ជាបុគ្គលផ្នែក​នយោបាយដ៏ជំនិតម្នាក់​របស់ លោក ត្រាំ បន្ទាប់ពី​លោក Arpaio កាលពីជិត​មួយខែមុន ត្រូវបានតុលាការ​រកឃើញថា មានទោស​នៅក្នុង​សំណុំ​រឿង​​​ព្រហ្មទណ្ឌមួយ ដែលបង្កឡើង​ដោយសារតែ​វិធានការដ៏តឹងរ៉ឹង​ហួសហេតុ​របស់​លោក ចំពោះ​ជនអន្តោប្រវេសន៍ ដែលពុំមាន​ឯកសារ​ត្រឹមត្រូវ។ នេះបើតាម​​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

កាលពីខែកក្កដា​កន្លងទៅ អតីតមន្រ្តីអនុវត្តន៍​ច្បាប់វ័យ ៨៣ឆ្នាំ រូបនេះ​ត្រូវបានតុលាការ​អាមេរិក រកឃើញថា ពិតជាមានទោស​ពីបទរំលោភ​បំពានច្បាប់ សម្រាប់​ការ​​​ចាត់វិធានការ​ធ្ងន់ៗ​ទៅលើបុគ្គលទាំងឡាយ​ដែលជាប់​សង្ស័យថា ជាជនអន្តោប្រវេសន៍​ពុំមានឯកសារ​ត្រឹមត្រូវ។ លោក Arpaio ត្រូវបានគេកំណត់ថា នឹងត្រូវកាត់​ទោស​នៅដើមខែកក្កដា​ខាងមុខ ហើយអាច​ប្រឈមមុខ​នឹងការជាប់​ពន្ធនាគារ​រយៈពេលដល់ទៅ ០៦ខែ។

គួរបញ្ជាក់ថា នេះគឺជាការប្រើសិទ្ធិ​លើកលែងទោស​ទីមួយហើយ របស់លោក ដូណាល់ ត្រាំ ក៏ប៉ុន្តែ​លោក ត្រាំ មិនបានដើរតាម​លំនាំមេដឹកនាំអាមេរិកមុនៗ​​នោះ​ឡើយ ដែលតែងតែ​បានប្រឹក្សាយោបល់​ជាមុន​សិនជាមួយ ក្រុមមេធាវី​នៅឯក្រសួង​យុត្តិធម៌ មុនធ្វើការប្រកាស​ជាចុងក្រោយអំពីការ​សម្រេចចិត្តរបស់លោក៕