(ឡាវេហ្គាស)៖ កំពូលកីឡាករប្រដាល់មិនដែលចាញ់ Floyd Mayweather នឹងឡើងសង្វៀនប្រកួតទល់នឹងកីឡាករ Conor McGregor នាព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ក្រោមកញ្ចប់ទឹកប្រាក់ច្រើនមហាសាល ៤០០លានដុល្លារ។

តាមរយៈសារព័ត៌មាន BBC របស់ចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧ នេះថា ជំនួបប្រកួតលើកទី១ រវាងខ្លាចាស់ទាំងពីរនឹងធ្វើឡើងនៅសង្វៀន T-Mobile Arena ស្ថិតក្នុងទីក្រុង Las Vegas នៃរដ្ឋ Nevada រដ្ឋអាមេរិក ដែលជាសម្រេចយកប្រដាល់សកលជាគោល ប្រកួតចំនួន១២ទឹក ស្មើនឹង៣៦នាទី (៣នាទី/ទឹក) គ្រាដែលកីឡាកររបស់សាធារណរដ្ឋអៀរឡង់ Conor McGregor ជាជើងខ្លាំងខាងក្បាច់គុនចម្រុះ UFC។

សូមបញ្ជាក់ផងដែរថា ជំនួបជាប្រវត្តិសាស្រ្តខាងលើនេះ ពុំមានដាក់ខ្សែក្រវ៉ាត់ពិភពលោក WBC ដែលកំពុងគ្រប់គ្រងដោយកីឡាករអាមេរិក Floyd Mayweather ដែលមានរហស្សនាមថា «The Money» តែមានខ្សែក្រវាត់តំណាង នៃជំនួបមិត្តភាពអន្តរជាតិដ៏កម្រនេះផងដែរ មានដាំពេជ្រ ត្បូង និងឆ្លាក់អក្សរ WBC ផងដែរ អមដោយទឹកប្រាក់ ៤០០លានដុល្លារ។

ក្នុងចំណោមទឹកប្រាក់សរុប ៤០០លានដុល្លារអាមេរិកខាងលើនេះ BBC បានបញ្ជាក់ថា កីឡាករវ័យ៤០ឆ្នាំ Floyd នឹងទទួលបាន ៣០០លានដុល្លារ មិនគិតពីលទ្ធផលឈ្នះឬចាញ់ឡើយ ជាថ្នូរនឹងការចូលនិវត្តន៍ពីវិស័យឈឺសាច់នេះ ដែលរូបគេប្រកាសឈប់វ៉ៃកាលពីចុងឆ្នាំ២០១៥ ក្រោយបំបែកកំណត់ត្រាឡើងសង្វៀនបាន ៤៩ដងមិនដែលចាញ់ និងស្មើឡើយ ដោយផ្តួលដៃគូឲ្យសន្លប់ (KO) នៅលើសង្វៀនបាន២៦ដង ខណៈគូប្រជែងស្អែកនេះដែលដាក់ពាក្យសុំ ឡើងប្រកួត McGregor បានត្រឹមតែ ១០០លានដុល្លារប៉ុណ្ណោះ៕