(ឡុងដ៍)៖ កម្លាំងប៉ូលិសទីក្រុងឡុងដ៍​បានឲ្យដឹងថា ពួកគេបានបើកការស៊ើប​អង្កេតភេរវកម្ម ទៅលើបុរសម្នាក់​ប្រដាប់ដោយផ្លែកាំបិត​ដ៏ធំមួយ ដែល​ត្រូវ​ឃាត់​​ខ្លួន​បាន​នៅក្បែរព្រះ​រាជ​វាំង​​បាកឃីងហាំ​ (Buckingham) របស់ចក្រភព​អង់គ្លេស។ នេះបើតាមការចេញ​ផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

ប៉ូលិសទីក្រុងឡុងដ៍​បានចេញសេចក្តី​ថ្លែងការណ៍​មួយឲ្យដឹងថា «មន្រ្តីជំនាញមកពី​នាយកដ្ឋាន​បង្រ្កាបភេរវកម្ម នៃទីបញ្ជាការ​ប៉ូលិសទីក្រុង​ឡុងដ៍ បច្ចុប្បន្ននេះ​កំពុងតែធ្វើការស៊ើបអង្កេត​ទៅលើ​ហេតុការណ៍មួយ ដែលបានកើត​ឡើងនៅក្បែរ​ព្រះរាជវាំង Buckingham កាលពីល្ងាច​ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅ​តំបន់កើតហេតុ)»

ប៉ូលិសអង់គ្លេសបានឲ្យដឹងថា ពួកគេបានចាប់​ខ្លួន​បុរសម្នាក់ មានវ័យ​ខ្ទង់ ២០ឆ្នាំ បន្ទាប់ពីគេ​បានប្រទះឃើញ​កាំបិត​ដ៏ធំមួយ នៅក្នុងរថយន្ត​​របស់​​ជន​នោះ នៅពេលដែល​ជននោះបាន​ឈប់នៅក្បែរ យានជំនិះ​របស់ប៉ូលិស​មួយគ្រឿង ដែលចតនៅ​ក្បែរតំបន់ហាមឃាត់​មួយកន្លែង។

គួរបញ្ជាក់ថា មន្រ្តីប៉ូលិស​ចំនួន ០២រូប បានទទួលរបួសស្រាល​ស្របពេលដែលពួកគេ​បានប្រតាយប្រតប់គ្នា ដើម្បីទាញ​ជនសង្ស័យនោះ​ចេញពីរថយន្ត ហើយ​បុរសម្នាក់​នោះបានរងរបួសបន្តិចបន្តួច​ដូចគ្នាដែរ ហើយត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ទីក្រុងឡុងដ៍ ដើម្បីទទួល​ការព្យាយាម ក្រោមការឃ្លាំមើលរបស់​ប៉ូលិស៕