(បាងកក)៖ សារព័ត៌មានថៃបាងកកប៉ុស្តិ៍ (Bangkok Post) បានចុះផ្សាយថា អតីតនាយករដ្ឋមន្រ្តី​ថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែលបានរត់ភៀស​ខ្លួនចេញពី​​ប្រទេសថៃ មុនការប្រកាស​សាលក្រមនៃរឿងក្តី​នយោបាយទិញស្រូវ​បរាជ័យរបស់​លោកស្រី នាថ្ងៃសុក្រម្សិលមិញនោះ ​តាមពិតបាន​​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ប្រទេស​កម្ពុជា មុននិងបន្តឆ្ពោះ​ទៅកាន់​​ទីក្រុងឌូបៃ (Dubai) នៃប្រទេស​អេមីរ៉ាត់អារ៉ាប់រួម ជាទីកន្លែងដែល​គេជឿជាក់ថា បងប្រុសរបស់​លោកស្រី គឺលោក ថាក់ស៊ីន ស៊ី​ណា​វ៉ាត់ កំពុងស្នាក់នៅ។ នេះបើតាម​សារព័ត៌មានថៃ ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាន​បាងកក ដែលទទួលបានដំណឹង​ពីប្រភពជិតស្និទ្ធ នឹងក្រុមគ្រួសារ​របស់លោកស្រី លោកស្រី យីងឡាក់ បានជិះយន្តហោះឯកជន​មួយគ្រឿង​ទៅកាន់ព្រលានយន្តហោះ​មួយកន្លែងនៅក្នុងខេត្ត ត្រាត (Trat) ភាគខាងត្បូង​ប្រទេសថៃ ជាទីដែលលោកស្រី​បានឆ្លងព្រំដែនគោកចូល​ទៅកាន់ខេត្តកោះកុង នៃប្រទេស​កម្ពុជា ​ជាមួយមនុស្សជំនិត​របស់លោកស្រី។ បន្ទាប់ទៀត​អតីតនាយករដ្ឋមន្រ្តី​ថៃ ដែលត្រូវកម្លាំងយោធា​ធ្វើរដ្ឋប្រហារទម្លាក់​ពីតំណែងរូបនេះ​ បានបន្តដំណើរឡើងយន្តហោះពីកម្ពុជា ​ទៅកាន់សិង្ហបុរី ដើម្បីបន្តឆ្ពោះ​ទៅកាន់ទីក្រុងឌូបៃ ដែលជាគោលដៅ​ធ្វើដំណើរចុងក្រោយ។

គួរបញ្ជាក់ថា នាថ្ងៃសុក្រម្សិលមិញនេះ តុលាការកំពូលថៃ បានសម្រេចពន្យាពេលនៃការប្រកាសសាលក្រម ជុំវិញសំណុំរឿងរបស់លោកស្រី បានចេញដីកា​បង្គាប់ឲ្យចាប់ខ្លួនលោកស្រី យីងឡាក់ បន្ទាប់ពីលោកស្រី មិនបានបង្ហាញខ្លួននៅចំពោះមុខតុលាការ ដោយយកលែសថាមានជំងឺ៕