(សេអ៊ូល)៖ ប្រភពពីកូរ៉េខាងជើងត្រូវបានដកស្រង់ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលផុតលេខ​នៃទីក្រុងព្យុងយ៉ាង បានទៅពិនិត្យមើលដោយផ្ទាល់ នូវគំរោងយុទ្ធសាស្ត្រវាយលុកទៅលើកោះនានា​របស់ កូរ៉េខាងត្បូង នៅមុនការបាញ់មីស៊ីលសាកល្បង​នៅព្រឹកថ្ងៃសៅរ៍នេះ ដែលទទួលបានភាពបរាជ័យទាំង ០៣គ្រាប់តែម្តង ខណៈមួយគ្រាប់ផ្ទុះ​ពេលកំពុងបាញ់ និងពីរគ្រាប់ទៀត​ធ្លាក់ចូលក្នុងសមុទ្រខាងកើត​របស់ខ្លួន។ នេះបើតាមការដកស្រង់ព័ត៌មានពី យ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

ចំពោះការបាញ់មីស៊ីលខាងលើនេះ គឺកើតឡើងក្រោយពីមានរឿងរ៉ាវធំៗពីរ ដែលកូរ៉េខាងជើង​ចាត់ទុកថា ជាការគំរាមកំហែងមកលើខ្លួន នោះគឺការធ្វើសមយុទ្ធយោធាដ៏កក្រើកប្រចាំឆ្នាំរវាង អាមេរិក និងកូរ៉េខាងត្បូង នៅក្បែរឧបទ្វីបកូរ៉េផ្ទាល់តែម្តង និងមួយទៀតនោះ គឺការប្រកាសពីរដ្ឋាភិបាលជប៉ុនកាលពី​ល្ងាចថ្ងៃសុក្រម្សិល​មិញនេះថា ខ្លួននឹងដាក់ទណ្ឌកម្ម​ជាឯកតោភាគីទៅលើ​ក្រុមហ៊ុនបរទេសចំនួន ០៨ ដែលហ៊ានលួចលាក់​មានទំនាក់ទំនងជា​មួយរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ផ្គើននឹងទណ្ឌកម្មពីអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បានបាញ់សាកល្បងមីស៊ីលខាងលើនេះ គឺជាប្រភេទរយៈ​ចំងាយខ្លីប្រមាណ ២៥០គីឡូម៉ែត្រ​ប៉ុណ្ណោះ ក្នុងនោះពីរគ្រាប់បានធ្លាក់​ចូលក្នុងសមុទ្រ ដោយទាំងបីគ្រាប់ត្រូវបាន​បាញ់ចេញពីខេត្ត កាងវ៉ុន (Kangwon)។ រហូតមកទល់ពេលនេះ មិនទាន់​មានសេចក្តី​រាយការណ៍​ណាមួយ អំពីប្រតិកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត​នោះឡើយ គ្រាន់តែសារព័ត៌មាន​កន្លងមកបាន​ចេញផ្សាយអំពី​ការព្រមានធ្ងន់ៗ​ជាច្រើនដង​ពីកូរ៉េខាងជើង ឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់​សមយុទ្ធ​យោធា ដែលទីក្រុងព្យុងយ៉ាង​អះអាងថា មានចរិតឈ្លានពាន​មកលើ​ខ្លួននោះ៕