(វ៉ាស៊ីនតោន)៖ មន្រ្តីជំនិតរបស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ម្នាក់ទៀតហើយ ត្រូវចាកចេញពី​មុខតំណែងរបស់ខ្លួន​ប្រចាំនៅសេតវិមាន។ នេះបើ​តាមការចេញផ្សាយ​ដោយសារព័ត៌មាន Fox News នៅព្រឹក​ថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០១៧។

យ៉ាងណាមិញ គេពុំទាន់បានដឹងច្បាស់​នៅឡើយទេថា មន្រ្តីជំនួយការ​របស់លោកប្រធានាធិបតី​អាមេរិករូបនេះ គឺលោក សេបាស្ទៀន ហ្គ័រកា (Sebastian Gorka) បាន​សុំលាលែងពី​តំណែងដោយ​ចិត្តឯងផ្ទាល់ ឬក៏ត្រូវ​បានដកចេញពី​តំណែងនោះឡើយ។ ក៏ប៉ុន្តែមន្រ្តីសេតវិមាន​បានប្រាប់ឲ្យដឹងថា លោក Gorka តាម​ពិត​ទៅ​មិន​បាន​​លា​​លែង​​ពី​តួនាទី​នោះឡើយ តែបានបញ្ជាក់ថា​ជំនួយការរូបនេះ លែងធ្វើការនៅ​ឯសេតវិមាន​ទៀតហើយ។

គួរបញ្ជាក់ថា លោក Sebastian Gorka គឺជាបុគ្គលដ៏ចម្រូងចម្រាស​មួយរូប នៅក្នុងរដ្ឋបាល​លោក ដូណាល់ ត្រាំ ដោយគណបក្ស​ប្រជាធិបតេយ្យអាមេរិក បានធ្វើ​ការ​ចោទប្រកាន់​រូបលោកថា មានទំនាក់ទំនង​ជាមួយក្រុមស្បែក​សជ្រុលនិយម។ ម៉្យាងវិញទៀត លោក Gorka ក៏មានភាពជិតស្និទ្ធ​នឹងលោក ស្ទីវ បានណុន (Steve Bannon) អតីតមន្រ្តីយុទ្ធសាស្រ្ត​របស់លោក ត្រាំ ដែលត្រូវបានបណ្តេញ​ចេញពី​សេតវិមាន​កាលពីសប្តាហ៍មុន បន្ទាប់ពី​មន្រ្តីសេតវិមាន​មួយចំនួនទៀត បាន​ដើរចេញពី​ទីនោះជា​បន្តបន្ទាប់ ដោយអ្នកខ្លះ​ត្រូវដកចេញ ខណៈអ្នកខ្លះទៀត​បានលាឈប់​ដោយខ្លួនឯង៕