(តូក្យូ)៖ កងការពារអាកាសនៃកងកម្លាំង​ស្វ័យការពារជប៉ុន នឹងដឹកនាំការធ្វើ​សមយុទ្ធយោធា​ដាក់ពង្រាយ​ប្រព័ន្ធស្ទាក់​ចាប់​មីស៊ីល នៅលើ​មូលដ្ឋានទ័ព​អាមេរិក​ចំនួនបី​នៅក្នុងប្រទេស ដើម្បីពង្រឹងសមត្ថភាព​ការពារខ្លួន​ទប់ទល់​នឹងការគំរាមកំហែង ​ដោយគ្រាប់មីស៊ីល​ជាយថាហេតុ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាម​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក អ៊ីតស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយ​នៅថ្ងៃសុក្រនេះ លោក Onodera បានគូសបញ្ជាក់​យ៉ាងដូច្នេះថា «ការធ្វើសមយុទ្ធយោធា​ដាក់ពង្រាយប្រព័ន្ធ​ស្ទាក់ចាប់មីស៊ីល នឹងចូលរួមចំណែក​ពង្រឹងសម្ព័ន្ធភាព រវាងជប៉ុន និង​សហរដ្ឋអាមេរិក»។ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ បានបន្តទៀតថា សមយុទ្ធយោធា​នេះនឹងត្រូវធ្វើឡើង​នៅថ្ងៃអង្គារ​សប្ដាហ៍ក្រោយ លើមូលដ្ឋានទ័ព​អាកាសអាមេរិក​ចំនួនបី មានដូចជា មូលដ្ឋានទ័ព​អាកាស យ៉ូកូតា (Yokota) នៃភាគខាងលិច​ទីក្រុងតូក្យូ​, មូលដ្ឋានទ័ព អ៊ីរ៉ាគុនី (Iwakuni) ស្ថិតនៅខេត្ត យ៉ាម៉ាហ្គូឈី (Yamaguchi) ភាគនិរតីប្រទេសជប៉ុន។ ចំណែកឯ សមយុទ្ធយោធា​ដូចគ្នានេះ ក៏នឹងត្រូវធ្វើឡើង​ផងដែរ​នៅលើមូលដ្ឋាន​ទ័ពអាកាស មីសាវ៉ា (Misawa) ស្ថិតនៅក្នុងខេត្ត អាវម៉ុរី (Aomori) នៃភាគខាងជើង​ប្រទេស​នៅថ្ងៃទី០៧ ខែកញ្ញា។

គួរបញ្ជាក់ថា ដោយព្រួយបារម្ភ​ពីគ្រាប់មីស៊ីល​កូរ៉េខាងជើង រដ្ឋាភិបាល​ទីក្រុងតូក្យូ​បានសម្រេចចិត្ត​ដាក់ពង្រាយ​រួចរាល់ហើយ ប្រព័ន្ធស្ទាប់ចាប់​មីស៊ីល ASDF PAC-3 នៅឯតំបន់​ប៉ែកខាង លិចនៃ​ប្រទេស។ PAC-3 គឺប្រៀបបានទៅ​នឹងខ្សែបន្ទាត់​ការពារមួយ ដែលមានសមត្ថភាព​ចាប់ ឬបំផ្លាញមីស៊ីល​នៅរយៈកម្ពស់ទាប នៅពេលវាចូលក្នុងបរិយាកាស​ផែនដី៕