(អង់ការ៉ា)៖ ប្រសិនបើអាល្លឺម៉ង់​ចង់ក្លាយជាកម្លាំង​ចលករ ដែលមានឥទ្ធិពលមួយ​នៅក្នុងតំបន់​មជ្ឈិមបូព៌ា ទីក្រុងប៊ែរឡាំង​ពុំមានជម្រើស​អ្វីផ្សេង ក្រៅតែពីខិតខំ​​ថែ​រក្សា​ក៏ដូចជាផ្សះផ្សា​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ជាមួយទីក្រុងអង់ការ៉ា​នោះឡើយ។ នេះបើតាមអ្នក​វិភាគនយោបាយ​ជនជាតិ​តួកគីមួយរូប ដកស្រង់សម្តី​​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

ជុំវិញវិបត្តិដ៏យ៉ាប់យឺន​នៃទំនាក់ទំនង​រវាងសម្ព័ន្ធមិត្ត​អង្គការ NATO ទាំងពីរនេះ លោក នេចាត តារ៉ាកស៊ី (Nejat Tarakci) អ្នក​ជំនាញ​តួក​គី​​ផ្នែក​ភូមិ​សាស្រ្ត និង​យុទ្ធ​សាស្រ្ត​​នយោបាយ​បានលើកឡើងថា គោលជំហរប្រឆាំង​តួកគី​របស់អាល្លឺម៉ង់ គឺជាលទ្ធផល​នៃទស្សនៈរបស់​ទីក្រុងប៊ែរឡាំង ដែលយល់​ឃើញថា ខ្លួនពុំត្រូវការ​​ទីក្រុងអង់ការ៉ា​នោះឡើយ។ លោក Tarakci បាន​ថ្លែងថា «តាមពិតទៅ​អាល្លឺម៉ង់មិន​គួរភ្លេចនោះទេថា ប្រសិនបើ​ខ្លួនចង់ក្លាយជា​កម្លាំងដ៏សំខាន់​ពិតប្រាកដមួយ​នៅមជ្ឈិមបូព៌ា ទីក្រុងប៊ែរឡាំងនឹងគ្មាន​ជម្រើសអ្វីផ្សេងក្រៅ​ពីការព្រម​រួមសហការ​ ជាមួយតួកគីនោះឡើយ»

គួរបញ្ជាក់ថា ទំនាក់ទំនងរ​វាងទីក្រុង​អង់ការ៉ា​ និង​ប៊ែរឡាំង បានធ្លាក់​ចុះដុនដាប​បន្ទាប់ពីការធ្វើ​រដ្ឋប្រហារបរាជ័យ​នៅតួកគី​កាលពីឆ្នាំមុន នៅពេល​អាជ្ញាធរតួកគី បានឃុំខ្លួន​មនុស្សជាង ៥០,០០០​នាក់ រួម​ទាំងបញ្ឈប់​ពីតំណែង ឬព្យួរការងារ​ប្រមាណ ១៥០,០០០នាក់ ផ្សេងទៀត ដែលត្រូវបាន​អឺរ៉ុបរិះគន់​យ៉ាងចាស់ដៃ។ ប្រធានាធិបតីតួកកី លោក អឺដូហ្គាន់ (Erdogan) ដែលពុំសូវមានការអត់​ធ្មត់​ចំពោះការរិះគន់​ពីអឺរ៉ុបនោះ បានចោទប្រកាន់​អាល្លឺម៉ង់ថា មានទំនោរ​ប្រឆាំងនឹង​តួកគី ហើយកាលពីចុង​សប្តាហ៍មុន​ប្រធានា​ធិបតី​តួកគី​រូបនេះ ថែមទាំងបាន​ប្រកាសចាត់​ទុកថា អធិការបតី​អាល្លឺម៉ង់ លោកស្រី អាន់ជេឡា មឺគែល (Angela Merkel) គឺជាសត្រូវរបស់​តួកគី ទៀតផង និង​បាន​អំពាវ​នាវ​​ឲ្យ​ជន​ជាតិដើមតួកគី​​នៅ​អាល្លឺម៉ង់ បោះឆ្នោតប្រឆាំង​​រូប​លោកស្រី នៅខែក្រោយនេះ៕