(បាងកក)៖ តុលារការក្នុង​ទីក្រុង​បាងកក​នៅថ្ងៃសុក្រនេះ បានសម្រេច​ផ្ដន្ទាទោសអតីត​រដ្ឋមន្ត្រីពាណិជ្ជកម្ម​ម្នាក់ ឱ្យជាប់ពន្ធនាគារ ៤២ឆ្នាំ បន្ទាប់ពីរកឃើញ​ថា លោកបាន​ក្លែងបន្លំ​កិច្ចព្រម​ព្រៀងជួញដូរអង្ករ រវាងរដ្ឋាភិបាលថៃ និងចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

សាលក្រមប្រឆាំង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មថៃ លោក ប៊ូនសុង តេរីយ៉ាភីរម្យ (Boonsong Teriyapirom) ត្រូវបានប្រកាសតែ​ប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ពុំបានចូលបង្ហាញ​​ខ្លួននៅ​ចំពោះ​មុខតុលាការ ដើម្បីរង់ចាំ​ស្តាប់​ការប្រកាស​សាលក្រមជុំវិញ​រឿងក្តី​នយោបាយ​​ទិញស្រូវ​ពីកសិករថៃ។ ជាងនេះទៅ​ទៀត បើតាម​ប្រភពជិតស្និទ្ធ​នឹងលោកស្រីផ្ទាល់​ អតីតនាយក​រដ្ឋមន្រ្តីថៃរូបនេះ​បានរត់ភៀស​ខ្លួនចេញ​ពី​ប្រទេសថៃហើយ ក្រោយតុលាការ​កំពូលថៃ​បានចេញដីកា​​ចាប់ខ្លួន និងពន្យារពេលប្រកាសសាលក្រម ទៅថ្ងៃទី២៧ ខែកញ្ញាវិញ។

មួយវិញទៀត បើសិនជាគេរកឃើញកំហុសដូចការ​ចោទប្រកាន់ដែលថា ​លោកស្រីបាន​ធ្វើឱ្យខាតបង់​ថវិការដ្ឋ ​ដល់ទៅ០៨ពាន់លានដុល្លារ ដោយសារតែកម្មវិធី ប្រមូលទិញ​ស្រូវពី​កសិករថៃក្នុងតម្លៃថ្លៃ នោះលោកស្រី យីងឡាក់ អាចនឹងជាប់ពន្ធនាគារ១០ឆ្នាំ។ ក៏ប៉ុន្តែលោកស្រីយីងឡាក់ បានដិសេធរាល់ការ​ចោទប្រកាន់​ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែជាចេតនា​នយោបាយចង់​ធ្វើបាបលោកស្រី​តែប៉ុណ្ណោះ។

ដោយឡែក ជុំវិញរឿងក្ដីពុករលួយនេះដែរ តុលាការក្នុង​ទីក្រុងបាងកក​បានចេញសាលក្រម​សម្រេចកាត់​ទោស លោក Boonsong Teriyapirom អតីតរដ្ឋមន្ត្រីពាណិជ្ជកម្ម​របស់លោកស្រី យីងឡាក់ ឱ្យជាប់​ពន្ធនាគារ ៤២ឆ្នាំ ក្រោមបទចោទប្រកាន់​ថា បានក្លែងបន្លំកិច្ចព្រមព្រៀង​ជួញដូរអង្ករ​រវាងរដ្ឋាភិបាលថៃ និងចិន។ ចំណែកឯ គណៈកម្មាការប្រឆាំងអំពើពុក​រលួយថៃ ក៏បានអះអាងដែរថា កិច្ចព្រមព្រៀង​ដែលធ្វើ​ឡើងដោយ លោក Boonsong បានធ្វើឱ្យខាតបង់​ថវិកាជាតិ​យ៉ាងធ្ងន់ធ្ងរ ហើយថា​អង្ករគឺត្រូវទុកលក់​នៅក្នុងស្រុក មិនមែនសម្រាប់​នាំចេញនោះទេ៕