(បាងកក)៖ អតីតនាយក​រដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បានរត់ភៀស​ខ្លួនចេញពី​ប្រទេសថៃហើយ បន្ទាប់ពីតុលាការ​កំពូលថៃ​បានសម្រេចចេញដីកា​ចាប់ខ្លួនរូប​លោកស្រី បន្ទាប់ពី​លោកស្រី យីងឡាក់ ពុំបានចូលបង្ហាញ​ខ្លួននៅចំពោះ​មុខតុលាការ ដើម្បីរង់ចាំស្តាប់​ការប្រកាស​សាលក្រម ជុំវិញរឿងក្តី​នយោបាយ​ទិញស្រូវ​ពីប្រជាជន​របស់លោកស្រី។ នេះបើតាមការ​បង្ហើបឲ្យដឹងពីប្រភពជិតស្និទ្ធ​នឹងរូបលោកស្រីផ្ទាល់ ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ស្រង់ពីបណ្តាញ Reuters នៅ​​រសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

តុលាការ​កំពូលថៃ​នៅថ្ងៃសុក្រនេះ បានសម្រេចចិត្តចេញដីកាចាប់ខ្លួន​អតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ សីណាវ៉ាត់ (Yingluck Shinawatra) ក៏ប៉ុន្តែបែរជា​ពន្យារពេលប្រកាសសាលក្រម​ទៅលើការចោទប្រកាន់ប្រឆាំងនឹងលោកស្រី ​ចំពោះការធ្វេស​ប្រហែស​នៅ​ក្នុងកម្មវិធី​ជួយទិញស្រូវពី​កសិករ​ទៅដល់ថ្ងៃទី២៧ ខែកញ្ញាវិញ។ លោកស្រី​ យីងឡាក់ នឹងជាប់ពន្ធនាគារ ១០ឆ្នាំ បើសិនជា​សាលក្រម​តុលាការ គាំទ្រ​ការចោទប្រកាន់ប្អូនស្រីបង្កើត លោក ថាក់ស៊ីន រូបនេះ​មែននោះ។

រដ្ឋាភិបាលយោធា​ថៃ​បច្ចុប្បន្ន បានចោទប្រកាន់​​លោកស្រី Yingluck ថា​បានធ្វើឱ្យខាតបង់​ថវិការដ្ឋ​ដល់ទៅ ០៨ពាន់លានដុល្លារ ដោយសារតែ​កម្មវិធីប្រមូលទិញ​ស្រូវពី​កសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែអតីត​នាយករដ្ឋមន្ត្រី​រូបនេះ បានដិសេធការ​ចោទប្រកាន់​ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែចេតនា​នយោបាយចង់​ធ្វើបាបលោកស្រី​តែប៉ុណ្ណោះ។ ដោយឡែក នៅមុនការ​ប្រកាស​សាលក្រម​នេះដែរ ក្រុមអ្នកគាំទ្រ​លោកស្រី Yingluck បានប្រមូលផ្ដុំគ្នា​នៅខាងមុខតុលាការ​កំពូល ខណៈប៉ូលិស ៤,០០០នាក់ ត្រូវបានគេដាក់​ពង្រាយ បើទោះជាលោកស្រី​បានអំពាវនាវ​ឱ្យអ្នកគ្រាំទ្រ របស់ខ្លួនកុំ​ប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរ​មកកាន់ទីក្រុងបាងកក ដើម្បីតវ៉ា​ក៏ដោយ។

គួរបញ្ជាក់ថា លោកស្រី Yingluck Shinatrawa បានជាប់​ឆ្នោតកា្លយជានាយករដ្ឋមន្ត្រី​ថៃ​ជាស្រ្តីដំបូងគេកាល​ពីឆ្នាំ២០១១ តែលោកស្រី​ត្រូវបានរដ្ឋាភិបាល​យោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារ​ទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤៕