(ម៉ូស្គូ)៖ មនុស្សយ៉ាងតិច ១៤នាក់បានស្លាប់ បន្ទាប់ពី​រថយន្តក្រុងមួយ​គ្រឿង បានបើកធ្លាក់​ចូលទៅក្នុងផ្ទៃ​សមុទ្រ​ក្បែរតំបន់ ក្រាសុនដារ (Krasnodar) ភាគខាងត្បូង​ប្រទេសរុស្ស៊ី​។ នេះបើតាមការ​ឲ្យដឹងពី​ទីភ្នាក់ងារសង្រ្គោះ​បន្ទាន់​ក្នុងតំបន់​កើតហេតុ ដកស្រង់​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

យោងតាមប្រភព​ព័ត៌មានដដែល រថយន្តក្រុងដែល​មានផ្ទុកមនុស្ស ៣៥នាក់ បានធ្លាក់ចូល​ទៅក្នុងទឹកសមុទ្រ ក្បែរភូមិ វ៉ុលណា (Volna) ក្នុងស្រុក តេមរីយ៉ុក (Temryuk) នៃតំបន់ Kransodar។ ក្រោយពេលកើតហេតុ មនុស្សចំនួន ១៤នាក់ ត្រូវគេបញ្ជាក់​អះអាងថា បានបង់ជីវិត និង ២០នាក់ត្រូវបានជួយសង្រ្គោះ ស្របពេលដែល​ម្នាក់ផ្សេង​ទៀត កំពុងបន្តបាត់ខ្លួន​រកពុំទាន់ឃើញ​នៅឡើយ។

គួរបញ្ជាក់ថា សម្រាប់​មូលហេតុ ដែលបានបណ្តាល​ឲ្យរថយន្តខាងលើ​ជួបគ្រោះថ្នាក់ ហើយកើតជា​សោកនាដកម្ម​នេះវិញនោះ ពុំទាន់ត្រូវបាន​ដឹងច្បាស់​នោះទេ៕