(វ៉ាស៊ីនតោន)៖​ បុគ្គលិកបម្រើការងារ​នៅមន្ទីរពេទ្យម្នាក់ ដែលរស់នៅរដ្ឋ ម៉ាស្សាឈូស្សេតស៍ (Massachusetts) ភាគឦសាន​សហរដ្ឋអាមេរិក ពិតជាសំណាង​ខ្លាំងមែនទែន ដោយបាន​ឈ្នះឆ្នោតដែល​មានតម្លៃជាទឹកប្រាក់​ដល់ទៅ ៧៥៨.៧លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

លោកស្រី ម៉ាវីស វ៉ាន់ស៊ីក (Mavis Wanczyk) វ័យ ៥៣ឆ្នាំ បានទិញ​សំបុត្រឆ្នោត Powerball ដ៏មហាសំណាង​នេះ នៅឯហាង​មួយកន្លែង​ក្នុងទីក្រុង ឈីកូពី (Chicopee) ភាគខាងជើង​ទីក្រុង ស្ព្រីងហ្វៀល (Springfield) ជាទីដែលលោក​ស្រី​បម្រើការងារ នៅក្នុងនាយកដ្ឋាន​ថែទាំសុខភាព​ នៃមជ្ឈមណ្ឌល​ឱសថសាស្រ្ត ម៉ឺស៊ី (Mercy)។ លោកស្រី Wanczyk បានប្រាប់អ្នក​សារ​ព័ត៌មានយ៉ាង​ដូច្នេះថា «អ្វីដែលខ្ញុំចង់ធ្វើ​មុនគេនោះ​គឺសម្រាក»។ ខណៈលោកស្រី​បានបង្ហើប​ឲ្យដឹងថា លោកស្រីបាន​លាឈប់ពី​ការងារហើយ បន្ទាប់ពីបាន​ធ្វើការងារ​នេះអស់រយៈពេល ៣២ឆ្នាំកន្លងមក។

គួរបញ្ជាក់ថា ទំហំទឹកប្រាក់ជាង​ ៧៥៨លានដុល្លារ នៃការឈ្នះឆ្នោតនេះ គឺធំបំផុត​ដែលត្រូវបាន​ឈ្នះដោយសំបុត្រ​ឆ្នោត​តែមួយប៉ុណ្ណោះ និងជាប់​លំដាប់ទីពីរ​​ក្នុងប្រវត្តិ​សាស្រ្តនៃការឈ្នះឆ្នោត​នៅសហរដ្ឋអាមេរិក បន្ទាប់​​ពី​​មនុស្ស​ចំនួនបីនាក់​បាន​ឈ្នះឆ្នោត Powerball ក្នុងទឹកប្រាក់ចំនួន ១.៦ពាន់លានដុល្លារ កាលពីដើមឆ្នាំ​២០១៦៕