(អាមេរិក)៖ កាលពីថ្ងៃចន្ទ​សប្តាហ៍នេះ បាតុភូតសូរ្យគ្រាស​ទាំងស្រុង បានជះស្រមោលសន្ធឹង​ពីភាគខាងលិច ដល់ភាគខាងកើត​សហរដ្ឋអាមេរិក ជាលើកដំបូង​នៅក្នុង​អំឡុងពេលជិតមួយ​សតវត្សរ៍កន្លងទៅនេះ ហើយអ្វីដែលពិសេស​ជាងនេះទៅទៀតនោះ គឺស្ថានីយ៍អវកាស​អន្តរជាតិ ISS បានហោះឆ្លងកាត់​រស្មីព្រះអាទិត្យ​​ថែមទៀតផង នៅអំឡុងព្រឹត្តិការណ៍​ដ៏អស្ចារ្យនេះ។ នេះបើតាមការ​ដកស្រង់ព័ត៌មាន​ចេញពីវែបសាយ​ផ្លូវការ​របស់អង្គារ NASA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

ម៉្យាងវិញទៀត​នាសប្តាហ៍នេះ ទីភ្នាក់ងារអវកាស​អាមេរិក NASA ក៏បានបញ្ចេញ​កម្រងរូបភាព​​ដ៏អស្ចារ្យ ស្តែងពីទិដ្ឋភាព​​នៃបាតុភូតសូរ្យគ្រាស​​ទាំងស្រុង នៅលើ​សហរដ្ឋអាមេរិក ដែល​ថត​បាន​ពី​​​ស្ថានីយ៍អវកាស​អន្តរជាតិ ISS ផងដែរ។ បន្ថែមពីនេះ NASA ថែមទាំងបាន​បញ្ចេញវីដេអូលក្ខណៈ Timelapse មួយផ្សេងទៀតផង​​​បង្ហាញពីស្រមោល​ព្រះច័ន្ទ ជះឆ្លងកាត់​មកលើសហរដ្ឋអាមេរិក​ទាំងមូល ដែលថតយក​បានដោយកាមេរ៉ា​ដ៏មានអានុភាពរបស់ NASA ឈ្មោះថា EPIC នៅចម្ងាយ​​ប្រមាណ ១.៦លានគីឡូម៉ែត្រ ពីភពផែនដី។

គួរបញ្ជាក់ថា ឆ្នាំនេះជាលើក​ដំបូង​​ក្នុងរយៈពេលជិត​​មួយសតវត្សរ៍ ដែលបាតុភូតសូរ្យគ្រាស​​ទាំងស្រុង​បានកើតមាន​ឡើង ចាប់ពីចុងម្ខាង​ទៅដល់ចុងម្ខាង​ទៀត​នៃ​ទឹកដីសហរដ្ឋអាមេរិក​​បែបនេះ។ ចាប់ផ្តើមពីរដ្ឋ អូរ៉េហ្គន (Oregon) ភាគខាងលិច​​ប្រទេស ឆ្ពោះទៅកាន់រដ្ឋ សោត ខារ៉ូលីណា (South Carolina) ភាគខាងកើត រួមទាំងរដ្ឋចំនួន​១២ផ្សេងទៀត​នៅ​ចន្លោះនោះ ព្រះច័ន្ទបាន​ធ្វើដំណើរ​​គោចរ​​ទៅបាំង​​​ពន្លឺ​ទាំង​ស្រុងរបស់​ព្រះអាទិត្យ​​រយៈពេលជាង​ពីរនាទី នៅតាមទីតាំង​នីមួយៗ​ ដែលស្ថិតក្នុងគន្លង​​ស្រមោល​របស់វា៕