(ម៉ូស្គូ)៖ សមយុទ្ធយោធា​អាមេរិក-កូរ៉េខាងត្បូង មានឈ្មោះថា «Ulchi Freedom Guardian (UFG)» ដែលបានប្រព្រឹត្ត​ទៅចាប់តាំងពីថ្ងៃចន្ទសប្តាហ៍នេះ នឹងមិនផ្តល់​ភាព​អំណោយផលអ្វីបន្តិច​សោះឡើយ ចំពោះការបន្ធូរបន្ថយភាព​តានតឹង នៅក្នុង​តំបន់​ឧបទ្វីបកូរ៉េ។ នេះបើតាម​ការលើកឡើង​របស់​ក្រសួងការបរទេសរុស្ស៊ី​ ដក​ស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យក្រសួងខាងលើ​បានថ្លែងក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា ការដោះស្រាយដោយសន្តិវិធី សម្រាប់ស្ថាន​ការណ៍​ដ៏តានតឹង​​នៅ​ឧបទ្វីប​កូរ៉េ គឺមិនអាចយកអ្វីផ្សេង​ទៅជំនួសបាន​ជាដាច់ខាត ហើយលោកស្រី​បានឆ្លៀតឱកាស​អំពាវនាវដល់ គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ មានការប្រុង​ប្រយ័ត្ន​ខ្ពស់យ៉ាងពេញ​ទំហឹងតែម្តង។ ម៉្យាងវិញ​ទៀតអ្នកនាំ​ពាក្យក្រសួងការបរទេស​រុស្ស៊ីរូបនេះ ក៏បានបង្ហាញក្តី​សង្ឃឹមដែរថា ប្រទេស​កូរ៉េខាងជើង នឹងមិនធ្វើសកម្ម​ភាព​​យោធាបង្កហេតុ​ណាមួយ ដើម្បីឆ្លើយតប​ចំពោះសមយុទ្ធ​របស់សម្ព័ន្ធមិត្ត​ទាំងពីរនេះ​ឡើយ។

ជាចុងក្រោយ លោកស្រី Zakharova បានបញ្ជាក់ថា «សកម្មភាពហេតុបង្ក​រឿង​ដោយចេតនាណាមួយ អាចក្លាយទៅជាលែស​សម្រាប់ជម្លោះយោធាបាន ដូច្នេះហើយប្រតិបត្តិការ​យោធានៅ​ក្នុងតំបន់ គួរតែត្រូវ​កាត់បន្ថយ ដើម្បីត្រួស​ត្រាយ​ផ្លូវឆ្ពោះទៅរកការ​ចរចាដោយ​សន្តិវិធីឡើងវិញ»

គួរបញ្ជាក់ថា សមយុទ្ធ​យោធា UFG មានការចូលរួមពី​កងទ័ពអាមេរិក​ប្រមាណ ១៧,៥០០នាក់ និងកូរ៉េខាងត្បូងប្រហែល ៥០,០០០នាក់ ហើយនឹងបន្ត​រហូតដល់ចុង​ខែ​សីហានេះ គឺនៅថ្ងៃទី៣១។ ជុំវិញរឿងនេះ កាលពីថ្ងៃអង្គារ​កូរ៉េខាងជើង បានចេញមុខ​ថ្កោលទោស​វាថា នឹងបង្កើនភាពតាន​តឹងថែម​ទៀត នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ​​ហើយថែមទាំង​បានព្រមានថា សហរដ្ឋអាមេរិក​នឹងទទួលខុសត្រូវ​ទាំងស្រុង សម្រាប់លទ្ធផល​វិនាសកម្ម​ទាំងឡាយ​ណា ដែលបង្កឡើង​ដោយសមយុទ្ធយោធា​រួម​របស់ខ្លួន៕​