(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការពារជាតិអាមរិក លោក ចេមស៍ ម៉ាតទីស (James Mattis) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងតែធ្វើការពិចារណា​យ៉ាងហ្មត់ចត់ថា តើគួរតែផ្តល់​សព្វាវុធការពារ​ខ្លួនទំនើបៗ​ដ៏មានអនុភាព​​ដល់ទីក្រុងកៀវដែរ ឬយ៉ាងណា ខណៈវាគឺជាជាទង្វើមួយ​ដែលរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា អាចបង្កើនភាពតាន​តឹង​បន្ថែមទៀត​នៅតំបន់ ដុនបាស (Donbass) នៃប្រទេសអ៊ុយក្រែន ហើយប្រព័ន្ធ ហ្សាវេលីន (Javelin) ប្រឆាំងរថក្រោះ និងប្រព័ន្ធប្រឆាំង​យន្តហោះចម្បាំង​ដទៃៗផ្សេងទៀត ទំនងគឺជា​អាវុធ​ការពារខ្លួន ដែលទីក្រុងវ៉ាស៊ីនតោន​ចង់បញ្ជូនទៅកាន់​ទីក្រុងកៀវ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

ជុំវិញរឿងនេះ អ្នកជំនាញមួយរូប​បានយល់ឃើញថា ការលើកឡើងរបស់​រដ្ឋមន្រ្តីការពារជាតិ​អាមេរិក នៅក្នុងសន្និសីទ​សារព័ត៌មានរួមគ្នា​ជាមួយ ប្រធានាធិបតី​អ៊ុយ​ក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) នាថ្ងៃបុណ្យឯករាជ្យ​នៃប្រទេសអ៊ុយក្រែន​នោះ បានស្តែងឲ្យឃើញ​ពីចេតនាដុតរោល​ស្ថានការណ៍ ក៏ដូចជាភាពតានតឹងថែម​ទៀត​ជាមួយទីក្រុង​ម៉ូស្គូ ហើយការបញ្ជូន​សព្វាវុធ​ប្រភេទនេះ អាចជះផលប៉ះពាល់​អាក្រក់ជាខ្លាំង​ទៅលើ ទំនាក់ទំនង​អ៊ុយក្រែន-រុស្ស៊ី ក៏ដូចជាទំនាក់ទំនង​អាមេរិក​-រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា អ៊ុយក្រែន​បានពឹងផ្អែកលើការ​គាំទ្ររបស់​សហរដ្ឋអាមេរិក ដើម្បីទប់ទល់​ប្រឆាំងទៅនឹង​ប្រទេសរុស្ស៊ី ចាប់តាំងតែពី​ពេលរដ្ឋាភិបាល​ដែលគាំទ្រ​ដោយប្រទេស​លោកខាង​លិច បានឡើងកាន់​កាប់អំណាច បន្ទាប់ពីមាន​ការផ្ទុះសកម្មភាព​តវ៉ាដ៏កក្រើកកាល​ពីឆ្នាំ២០១៤ នៅពេលអតីត​ប្រធានាធិបតី​អ៊ុយក្រែន​ ដែលគាំទ្រដោយ​វិមានក្រឹមឡាំង បានរត់ភៀសខ្លួន​ចេញពី​ប្រទេស៕