(ទីក្រុងប៉េកាំង)៖ កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានចាប់ផ្ដើមធ្វើ​សមយុទ្ធយោធា​ទ្រង់ទ្រាយធំ នៅឯតំបន់ភាគខាងជើង​ប្រទេស ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងដឹកនាំ​សមយុទ្ធយោធាប្រចាំ​ឆ្នាំ​កំញើញ​កូ​រ៉េខាងជើង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា​ ឆ្នាំ២០១៧។

យោងតាមក្រសួង​ការពារជាតិចិន សមយុទ្ធយោធា​ទ្រង់ទ្រាយធំ​មានរយៈពេល ១០ថ្ងៃនេះមានឈ្មោះថា «Fire Force 2017» ដែលនឹងត្រូវប្រព្រឹត្ត​ជាពីរដំណាក់កាល​ ដោយមានការចូលរួមពី​កងអង្គភាព​ទ័ពអាកាស​ ជាមួយនឹងការដាក់ពង្រាយបរិក្ខាយោធា​ទៅកាន់ខេត្តហ្គាន់ស៊ូ (Gansu)។ ចំណែកឯ សមយុទ្ធយោធា​លើកទីពីរ នឹងត្រូវដំណើរការ​នៅភាគខាងជើង​នៃតំបន់ស្វយ័ត​ម៉ុងហ្គោលី ក្នុងគោលបំណង​ពង្រឹងសមត្ថភាព​ក្នុងការដាក់ពង្រាយ​កងទ័ព ទៅកាន់តំបន់ឆ្ងាយ និងរៀនពីយុទ្ធសាស្រ្ត​ប្រយុទ្ធ ស្របពេលរដ្ឋាភិបាល​ចិន​មានគំរោងដឹកនាំ​ធ្វើសមយុទ្ធយោធា​ចំនួន០៩ លើកនៅក្នុង​ឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា សមយុទ្ធយោធា​របស់ចិន ធ្វើឡើងនៅចំ​ពេល​កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​​កំពុងធ្វើ​សមយុទ្ធយោធា​ប្រចាំឆ្នាំ​បង្ហាញសាច់ដុំ​កូរ៉េខាងជើង បើទោះជាទីក្រុង​ប៉េកាំងបានអំពាវ​នាវឱ្យភាគីបញ្ឈប់​ការធ្វើ​សមយុទ្ធយោធា ដែលខ្លួនយល់ថា គឺជាមូលហេតុ​មួយធ្វើស្ថានភាព​នៅលើ​ឧបទ្វីបកូរ៉េ កាន់តែ​តានតឹង៕