(បាងកក)៖ តុលាការ​កំពូលថៃ​ត្រូវបានគេរំពឹងថា នឹងប្រកាសសាលក្រមផ្តន្ទាទោស​អតីតនាយករដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ សីណាវ៉ាត់ (Yingluck Shinawatra) នៅថ្ងៃសុក្រនេះ សម្រាប់ការធ្វេស​ប្រហែស នៅក្នុងកម្មវិធី​ជួយទិញស្រូវកសិករនៅអំឡុងពេលដឹកនាំរដ្ឋាភិបាល ហើយដែលនេះ​អាចធ្វើឱ្យលោកស្រី​ប្រឈមមុខជាប់ពន្ធនាគារ ១០ឆ្នាំ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០១៧។

រដ្ឋាភិបាលយោធា​ថៃបច្ចុប្បន្ន បានចោទប្រកាន់​លោកស្រី Yingluck ថា​បានធ្វើឱ្យខាតបង់​ថវិការដ្ឋ​ដល់ទៅ ៨ពាន់លានដុល្លារ ដោយសារតែ​កម្មវិធីប្រមូលទិញ​ស្រូវពី​កសិករថៃ ក្នុងតម្លៃថ្លៃ ក៏ប៉ុន្តែអតីត​នាយករដ្ឋមន្ត្រី​រូបនេះ បានដិសេធការ​ចោទប្រកាន់​ទាំងឡាយ ដោយអះអាងថា វាគ្រាន់តែចេតនា​នយោបាយចង់​ធ្វើបាបលោកស្រី​តែប៉ុណ្ណោះ។ ដោយឡែក នៅមុនការ​ប្រកាស​សាលក្រម​នេះដែរ ក្រុមអ្នកគាំទ្រ​លោកស្រី Yingluck បានប្រមូលផ្ដុំគ្នា​នៅខាងមុខតុលាការ​កំពូល ខណៈប៉ូលិស ៤,០០០នាក់ ត្រូវបានគេដាក់​ពង្រាយ បើទោះជាលោកស្រី​បានអំពាវនាវ​ឱ្យអ្នកគ្រាំទ្រ របស់ខ្លួនកុំ​ប្រមូលផ្ដុំគ្នា ឬក៏ធ្វើដំណើរ​មកកាន់ទីក្រុងបាងកក ដើម្បីតវ៉ា​ក៏ដោយ។

គួរបញ្ជាក់ថា លោកស្រី Yingluck Shinatrawa បានជាប់​ឆ្នោតកា្លយជានាយករដ្ឋមន្ត្រី​ថៃ​ជាស្រ្តីដំបូងគេកាល​ពីឆ្នាំ២០១១ តែលោកស្រី​ត្រូវបានរដ្ឋាភិបាល​យោធាបច្ចុប្បន្ន ធ្វើរដ្ឋប្រហារ​ទម្លាក់ចេញពីតំណែងនៅខែឧសភា ឆ្នាំ២០១៤៕