(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ មនុស្សយ៉ាងហោចណាស់១៩នាក់ បានស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួនបន្ទាប់ពីទូកដឹកអ្នកដំណើរប្រមាណជាង៧០នាក់ បានលិចនៅក្នុងទឹកទន្លេស្ថិតនៅភាគខាងជើងនៃប្រទេស ប្រេស៊ីល៕

២៖ មន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទថា សហរដ្ឋអាមេរិកត្រូវតែផ្ដល់តម្លៃ ដល់តួនាទីរបស់ប៉ាគីស្ថាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងគោរពការព្រួយបារម្ភរបស់ពួកគេចំពោះបញ្ហាសន្តិសុខផ្ទាល់ខ្លួន៕

៣៖ មនុស្ស០៩នាក់ស្លាប់ និង១៥៣នាក់រងរបួស នៅក្នុងទីក្រុងម៉ាកាវ ហុងកុង និងខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ បានវាយប្រហារតាមបណ្តោយឆ្នេរ ភាគខាងត្បូងនៃប្រទេស កាលពីរសៀលថ្ងៃពុធ រហូតមកទល់នឹងព្រឹកថ្ងៃព្រហស្បតិ៍នេះ៕

៤៖ កងយន្តហោះចម្បាំងដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត បានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកចំទៅលើសណ្ឋាគារមួយកន្លែង ក្បែររដ្ឋធានី សាណាអា (Sanaa) នៃប្រទេសយ៉េមែន កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះនោះ (ពេលវេលានៅតំបន់កើតហេតុ) ដោយបណ្តាលឲ្យមនុស្សយ៉ាងតិច ៦០នាក់ស្លាប់ និងជាច្រើននាក់រងរបួស៕

៥៖ ក្រសួងកិច្ចការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ នឹងជំរុញការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍនាពេលអនាគត របស់ប្រទេសអាស៊ានមួយនេះ៕

៦៖ កងទ័ពជើងទឹកអាមេរិក បានអះអាងថាសាកសពមនុស្សម្នាក់ ដែលត្រូវបានកងទ័ពជើងទឹកម៉ាឡេស៊ី រកឃើញមិនមែនជាសាកសពនាវិក មកពីនាវាពិឃាតអាមេរិក USS John S McCain នោះទេ ហើយសាកសពនេះនឹងត្រូវបញ្ជូនត្រឡប់ទៅឱ្យអាជ្ញាធរម៉ាឡេស៊ីវិញ៕