(ម៉ូស្គូ)៖ យុទ្ធសាស្ត្រថ្មីរបស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ប្រទេស​អាហ្វហ្គានីស្ថាន​​ មិនមែនជាសញ្ញាបន្ធូរបន្ថយ​ភាពតានតឹង​នោះទេ ហើយក្រុមឧទ្ទាម​នឹងចាប់យក​ឱកាសនេះ ពង្រីកឥទ្ធិពល​កាន់តែខ្លាំង​នៅក្នុងតំបន់។ នេះបើតាម​អ្នកជំនាញយោធា​អាហ្វហ្គានីស្ថានម្នាក់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

កាលថ្ងៃចន្ទ លោក ដូណាល់ ត្រាំ នៅក្នុងសុន្ទរកថា​បានប្រកាសពី​យុទ្ធសាស្ត្រថ្មី ក៏ដូចបើកភ្លើងខៀវ​ឱ្យមន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ព​អាមេរិកបន្ថែម ទៅកាន់​អាហ្វហ្គានីស្ថាន ដើម្បី ជួយដល់កង​កម្លាំងរដ្ឋាភិបាល​ទីក្រុងកាប៊ុល ប្រយុទ្ធប្រឆាំង​ជាមួយពួកភេរវករ ជាពិសេសគឺពួក​តាលីបង់​តែម្ដង។

មួយវិញទៀតបើទោះជា​ លោក ត្រាំ មិនបានបញ្ជាក់ពីចំនួនកងទ័ពអាមេរិក ដែលត្រូវដាក់ពង្រាយ​បន្ថែមក៏ដោយ តែមន្ត្រីជាន់ខ្ពស់អាមេរិក​ម្នាក់បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក​រូបនេះ​បានបើកអនុញ្ញាត​ឱ្យមន្ទីរបញ្ចកោណ ដាក់ពង្រាយកងទ័ព​អាមេរិក​បន្ថែមរហូត​ដល់ទៅ ៣,៩០០នាក់ ទៅកាន់​អាហ្វហ្គានីស្ថាន។

តែយ៉ាងទោះ​ជាយ៉ាងនេះក្ដី ថ្លែងនៅក្នុង​បទសម្ភាសន៍ជាមួយ Sputnik អ្នកជំនាញ​យោធា​អាហ្វហ្គានីស្ថាន លោក ហ្សាវែដ កូហ៊ីស្តានី (Jawed Kohistani) បានគូសបញ្ជាក់ដូច្នេះថា «យុទ្ធសាស្ត្រថ្មី​របស់ លោក ត្រាំ គឺមានន័យថា សង្រ្គាមនៅ​អាហ្វហ្គានីស្ថាន​នឹងកាន់រីកធំ​ឡើង រីឯការប្រឈមមុខ​ដាក់គ្នាក្នុង​នាមជាសត្រូវ ក៏នៅតែបន្តកើតមាន​ផងដែរ... ហើយវាមានតែជួយឱ្យក្រុមតាលីបង់ ពង្រីកអំណាចរបស់ពួកគេនៅប៉ាគីស្ថាន និងនៅតាមប្រទេស​ក្បែរខាង ដែលគាំទ្រពួកគេ​តែប៉ុណ្ណោះ »

គួររំលឹកថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​បានធ្វើអន្តរាគមន៍​យោធា​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន​កាលពីឆ្នាំ២០០១មក បន្ទាប់ពីមាន​ការវាយប្រហារភេរវកម្ម​ថ្ងៃទី១១ ខែកញ្ញា ដោយ ទីក្រុងវ៉ាស៊ីនតោន​ចោតថា ពួកតាលីបង់​មានជាប់ពាក់ព័ន្ធ​នឹងអំពើ​ភេរវកម្មនេះ៕