(សិង្ហបុរី)៖ សាកសព​មនុស្សម្នាក់ ដែលត្រូវបានកងទ័ពជើង​ទឹកម៉ាឡេស៊ី រកឃើញមិនមែនជា​សាកសពនាវិក នៃនាវាពិឃាត​អាមេរិក USS John S McCain នោះទេ។ នេះបើតាម​កងអង្គភាព ទ័ពជើងទឹក​អាមេរិកទី០៧ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពី​មានការធ្វើកោសល្យវិច័យ​ផ្នែកវេជ្ជសាស្ត្រ ហើយសាកសពនេះ​ នឹងត្រូវបញ្ជូន​ត្រឡប់ទៅឱ្យអាជ្ញាធរ​ម៉ាឡេស៊ីវិញ។ យោងតាម​អាជ្ញាធរ​ម៉ាឡេស៊ី សាកសពខាងលើ​ត្រូវបានគេប្រទះឃើញ​កាលពីថ្ងៃអង្គារ នៅអំឡុងប្រតិបត្តិការមួយ នៅឯភាគខាងកើត​ឆ្នេរសមុទ្រ​សិង្ហបុរី ជាទីដែលនាវាពិឃាត​អាមេរិក John S McCain បានបុកគ្នា ជាមួយនាវា​ដឹកប្រេង​មួយគ្រឿង​កាលពីថ្ងៃចន្ទ ដោយបណ្ដាល​ឱ្យនាវិកអាមេរិក ០៤នាក់ រងរបួស និង១០នាក់ ផ្សេងទៀតបាត់ខ្លួន។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍នេះ នាវាបីគ្រឿង និងឧទ្ធម្ភាគចក្រ​មួយគ្រឿង​មក​ពីឥណ្ឌូណេស៊ី ព្រមទាំងយន្ដហោះ​ល្បាតអូស្ត្រាលី​មួយគ្រឿងផងដែរ បានចូលរួមជា​មួយសិង្ហបុរី និងម៉ាឡេស៊ី ក្នុងប្រតិបត្តិការ តាមស្វែងរកនាវិក​អាមេរិកកំពុង​បាត់ខ្លួន៕