(វៀងច័ន្ទ)៖ ក្រសួងកិច្ចការវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឡាវ នឹងជំរុញការសិក្សា​ស្រាវជ្រាវ​ផ្នែកវិទ្យាសាស្រ្ត ដើម្បីបំពេញ​តម្រូវការនៃការអភិវឌ្ឍ​នាពេលអនាគត​ របស់​ប្រទេស​អាស៊ាន​មួយនេះ។ នេះបើតាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ថ្លែងក្នុងឱកាសសន្និសីទ​អាស៊ានមួយ នៅក្នុងទីក្រុង​វៀងច័ន្ទ អនុរដ្ឋមន្រ្តីវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោក ហួមផាន់ អ៊ីនថារ៉ាត់ (Houmphanh Intharath) បានលើកឡើងថា អ្នកវិទ្យា​សាស្រ្ត​មានភារកិច្ច​យ៉ាងសំខាន់ ក្នុងការបង្កើត​ភាពយុត្តិធម៌​នៅក្នុងសង្គម និងចូលរួមចំណេកក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-វប្បធម៌ ក៏ដូចជាវប្បធម៌​ប្រកបដោយ​ចីរភាព​របស់ប្រទេសឡាវ។ លោកអនុរដ្ឋមន្រ្តី​បានថ្លែងថា រឿងនេះអាច​ត្រូវសម្រេចបាន តាមរយៈការបង្កើន​វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំដៅឆ្ពោះទៅរក​ការប្រែ​ក្លាយឡាវ​ឲ្យទៅជាប្រជាជាតិ​ឧស្សាហកម្ម​ដ៏រីកចម្រើន និងលេចធ្លោមួយ។

លោក Houmphanh បានបន្តថា «ឡាវត្រូវការធ្វើ​ការជំរុញលើកទឹកចិត្ត និងបង្កើតក្រុមអ្នកជំនាញ ដែលមានជំនាញ​ប៉ិនប្រសព្វ​ខាងផ្នែកវិទ្យាសាស្រ្ត ដែលចាំបាច់​ក្នុង​ការពង្រឹងដំណើរការ​នៃការអភិវឌ្ឍ​នេះ ហើយយើងក៏ត្រូវ​ការដើរតាមភាពរីកចម្រើន​នៃវិស័យវិទ្យាសាស្រ្ត នៅក្នុងបណ្តា​ប្រទេសអាស៊ាន​ដទៃៗទៀតផងដែរ ជាពិសេស​នៅចំពោះមុខ សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ានតែម្តង»។

គួរបញ្ជាក់ថា សព្វថ្ងៃ​ប្រទេសឡាវ មានអ្នកឯកទេស​ខាងការសិក្សាស្រាវជ្រាវ​វិទ្យាសាស្រ្តម្នាក់ ក្នុងចំណោម​មនុស្ស ១០,០០០នាក់។ ជាមួយគ្នានេះ គោលដៅ​របស់​​រដ្ឋាភិបាលឡាវ នឹងធ្វើយ៉ាងបង្កើត​ឲ្យបានអ្នកវិទ្យាសាស្រ្ត​ជំនាញចំនួន ១១នាក់ ក្នុងចំណោមមនុស្ស ១០,០០០នាក់ នៅត្រឹម​ឆ្នាំ២០២០ ដោយមន្រ្តីរដ្ឋាភិបាល​បាន​អះអាងថា រដ្ឋាភិបាលកំពុងយក​ចិត្តទុកដាក់ខ្ពស់​ជាចម្បង ទៅលើការអភិវឌ្ឍ​ធនធានមនុស្ស នៅក្នុងវិស័យវិទ្យាសាស្រ្ត៕