(ប្រេស៊ីល)៖ មនុស្សយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់ និងជាច្រើននាក់​ទៀតបាត់ខ្លួន បន្ទាប់ពីទូកដឹក​អ្នកដំណើរ​ប្រមាណជាង ៧០នាក់ បានលិចនៅក្នុងទឹកទន្លេ​ស្ថិតនៅ​ភាគខាងជើង នៃប្រទេស​ប្រេស៊ីល។ នេះបើតាមការចេញ​ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​ប្រេស៊ីល ទូកដឹកអ្នកដំណើរ​ខាងលើបានក្រឡាប់​លិច​ កាលពីយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធ នៅឯទន្លេ ស៊ីងហ្គូ (Xingu) នៃភាគខាងជើងរដ្ឋប៉ារ៉ា (Para) ស្ថិតក្នុងតំបន់អាម៉ាហ្សូន (Amazone)​។ ដោយឡែក​សារព័ត៌មាន Folha de S.Paulo ក៏បានរាយការណ៍​ដែរថា ទូកមួយគ្រឿងនេះ​បានធ្វើដំណើរ​កាលពី​យប់ថ្ងៃចន្ទ ចេញពី​ទីក្រុង សាន់តារ៉ែម (Santarem) ឆ្ពោះទៅកាន់ ទីក្រុងវិតូរៀ (Vitoria) នៃទន្លេ Xingu ក៏ប៉ុន្តែស្រាប់​ជួបគ្រោះថ្នាក់ ដោយបណ្ដាល​ឱ្យមនុស្ស ១៩នាក់ស្លាប់ និង៣០នាក់ទៀត​នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈមនុស្ស ២៥នាក់ ត្រូវបានជួយសង្រ្គោះ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ​មូលហេតុនៃគ្រោះថ្នាក់​លិចទូកនេះ មិនទាន់ត្រូវគេ​បញ្ជាក់នៅ​ឡើយទេ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះកំពុងតែត្រូវបានធ្វើឡើង៕