(ប៉េកាំង)៖ មន្ត្រីការទូត​កំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន នៅក្នុងកិច្ចសន្ទនា​តាមទូរស័ព្ទថា សហរដ្ឋអាមេរិក​ត្រូវតែផ្ដល់​តម្លៃដល់​តួនាទី​របស់ប៉ាគីស្ថាននៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន និងគោរព​ការព្រួយបារម្ភ​របស់ពួកគេ​ ចំពោះបញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ការថ្លែងបែបនេះ​របស់ លោក Yang Jiechi ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់​ប៉ាគីស្ថានជា​សាធារណៈថា បានក្លាយជាជម្រក​ដ៏សុខសាន្ត​សម្រាប់ ពួកភេរវករ​ដែលរត់មកពីអាហ្វហ្គានីស្ថាន បើទោះជាទីក្រុងអ៊ីស្លាម៉ាបាដបដិសេធជាច្រើនដង និងអះអាងថា ខ្លួនក៏ជនរងគ្រោះ​នៃអំពើភេរវកម្ម​ក៏ដោយ។

ជាមួយគ្នានោះ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក ​Yang បានប្រាប់​ លោក ធីល្លឺសុន កាលពីថ្ងៃពុធយ៉ាងដូច្នេះថា «ចិនពិតជាចង់ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំង​នឹងពួក​ភេរវករនៅ អាហ្វហ្គានីស្ថាន ព្រមទាំងចូល​រួមក្នុងកិច្ចខិតខំប្រឹងប្រែង​បង្កើតសន្តិភាព និងស្ថេរភាព​ក្នុងប្រទេសមួយនេះ និងតំបន់​ទាំងមូល... ក៏ប៉ុន្តែយើងត្រូវតែ​ផ្ដល់តម្លៃដល់​តួនាទី​របស់ប៉ាគីស្ថាន​នៅអាហ្វហ្គានីស្ថាន ក៏ដូចជាគោរព​ឱ្យបាននូវ​​អធិបតេយ្យភាព និងការព្រួយបារម្ភ​ដ៏សមហេតុសមផល​លើបញ្ហាសន្តិសុខផ្ទាល់ខ្លួន​របស់ប៉ាគីស្ថាន»

គួរបញ្ជាក់ថា កាលពី​ថ្ងៃចន្ទ លោក ដូណាល់ ត្រាំ បានធ្វើបទ​បង្ហាញពី​ផែនការយុទ្ធសាស្ត្រ​អាមេរិក នៅអាហ្វហ្គានីស្ថាន​ដោយលោកថែមទាំង​បានសន្យា បញ្ជូនកងទ័ព​អាមេរិកបន្ថែម ដើម្បី​ជួយដល់​រដ្ឋាភិបាលទីក្រុង​កាប៊ុល ក្នុងសង្រ្គាមប្រយុទ្ធ​ប្រឆាំង​នឹងពួកភេរវករ។ ក៏ប៉ុន្តែ​ក្រុមឧទ្ទាម​តាលីបង់ ក៏បានព្រមានដែរថា ពួកគេនឹង​តស៊ូរហូតដល់​ទីបំផុត បើទោះជានៅ​សល់កងទ័ព អាមេរិកតែម្នាក់​នៅលើទឹកដីអាហ្វហ្គានីស្ថាន​ក៏ដោយ ហើយនឹងយក​អាហ្វហ្គានីស្ថាន​ធ្វើទីបញ្ចុះសពអាមេរិក បើទីក្រុង​វ៉ាស៊ីនតោន មិនព្រមដកទ័ព​ចេញទេនោះ៕