(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់​ជាតិអាមេរិក លោក ចេមស៍ ក្លេបភើ (James Clapper) បាននិយាយថា លោកពិតជា​មានការព្រួយបារម្ភ​ជាខ្លាំងខ្លាចក្រែង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ចុចប៊ូតុង​នុយក្លេអ៊ែរវាយប្រហារ​លើកូរ៉េខាងជើង។ ការលើកឡើងបែប​នេះរបស់ លោក Clapper ធ្វើឡើងដោយផ្អែកលើ​សេចក្ដីថ្លែងការណ៍របស់ លោក ដូណាល់ ត្រាំ ទាក់ទិន​នឹងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន នាមួយរយៈពេល​ចុងក្រោយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Politico នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ CNN លោក James Clapper ជាអតីតនាយក​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ជាតិ​អាមេរិក ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ ក៏បានបង្ហាញការ​សង្ស័យលើ សមត្ថភាពដឹកនាំ​ប្រទេសរបស់ លោក ដូណាល់ ត្រាំ ផងដែរ។ លោក Clapper បានគូស​បញ្ជាក់ដូច្នេះថា « បើសិនជាគាត់ (លោក ត្រាំ) ខឹងខ្លាំង​ទប់លែងបាន​គាត់អាចនឹង​សម្រេចចិត្តធ្វើអ្វី ម្យ៉ាងប្រឆាំងនឹង លោក គីម ជុងអ៊ុន ហើយគ្មាននរណា​ម្នាក់អាចឃាត់គាត់​បានឡើយ... ដូច្នេះខ្ញុំពិតជាបារម្ភចំពោះ​ភាពត្រឹមត្រូវ​ នៃការប្រើប្រាស់លេខ​សម្ងាត់​នុយក្លេអ៊ែរ។ ប្រព័ន្ធ​នុយក្លេអ៊ែរ ទាំងមូលត្រូវបានបង្កើត​ឡើង ដើម្បីធ្វើការឆ្លើយតប​យ៉ាងរហ័ស​ក្នុងករណីចាំបាច់។ ជាងនេះ​ទៅទៀត ខ្ញុំពិតជាចង់ចោទ​សួរខ្លាំងណាស់ ទាក់ទិននឹងសមត្ថភាព និងលក្ខខណ្ឌ​នៃកាយសម្បទាន របស់​លោក (លោក ត្រាំ) ក្នុងការបំពេញភារកិច្ច»

គួររំលឹកថា កាលពីប៉ុន្មាន​សប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានធ្វើឱ្យពិភពលោក​ភ្ញាក់ផ្អើល ដោយបាន​​គំរាម​ប្រើប្រាស់​កម្លាំងយោធា​ប្រឆាំងនឹងកូរ៉េខាងជើង ក៏ប៉ុន្តែក្រោយមក​ប្រធានាធិបតី អាមេរិករូបនេះ​ស្រាប់តែសរសើរ​ លោក គីម ជុងអ៊ុន ថាបាន​សម្រេចចិត្តដ៏ឆ្លាតវៃ​សម្រាប់​ការពន្យាពេលបាញ់​គ្រាប់មីស៊ីល ឆ្ពោះទៅកាន់ដែនទឹក​ក្បែរកោះហ្គាំ (​Guam)។ ចំណែកឯ ក្រុមអ្នកជំនាញខ្លះយល់ថា សង្រ្គាមជាមួយ​កូរ៉េខាងជើង ពិបាកនឹង​អាចកើតឡើង​ណាស់ ពីព្រោះ​វ៉ាស៊ីនតោន​ដឹងយ៉ាងច្បាស់ថា សង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង គឺជាសង្រ្គាម​នុយក្លេអ៊ែរ ហើយចិន និងរុស្ស៊ី ក៏នឹងមិន​ឈរឱបដៃ​មើលសហរដ្ឋអាមេរិក ផ្ដួលរំលំរបប​ដឹកនាំ លោក គីម ជុងអ៊ុនដែរ៕