(រីយ៉ូ)៖ តុលាការប្រេស៊ីល​បានសម្រេច​ផ្តន្ទាទោស អតីតកំពូលកីឡាករ​បាល់ទាត់របស់ក្លឹប Real Madrid និងជម្រើសជាតិរបស់​ប្រទេសប្រេស៊ីល លោក រ៉ូប៊ឺតូ កាឡូស (Roberto Carlos) ដាក់ពន្ធនាគារចំនួន០៣ខែ ដោយសារតែមិន​បានបង់ថ្លៃឧបត្ថម្ភ​ដល់កូនៗ​របស់លោក ជាមួយអតីត​មិត្តស្រី។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​​ព្រឹក​​​ថ្ងៃ​​ព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

យោងតាមតុលាការ​ខាងលើ លោក Carlos ជំពាក់ប្រាក់អតីតមិត្តស្រី​របស់លោក គឺអ្នកនាង បាបារ៉ា ស៊ឺឡឺ (Barbara Thirler) ចំនួនប្រមាណ ២០,០០០ដុល្លារ ពាក់ព័ន្ធនឹង​ការ​ចេញ​ថ្លៃឧបត្ថម្ភ​ដល់កូនៗចំនួន ០២នាក់របស់លោក​ជាមួយនឹងអ្នកនាង Thurler។ ស្របពេល​ជាមួយគ្នា មេធាវីរបស់ម្ចាស់​ជើងឯក​នៃពានបាល់ទាត់​ពិភពលោក World Cup រូបនេះ បានចេញមុខ​អះអាងថា បញ្ហារឿងក្តីក្តាំង​នេះ នឹងត្រូវបន្ត​ដោះស្រាយ ដោយមិនឲ្យ​លោក ​Carlos ជាប់ពន្ធនាគារ​នោះឡើយ។

គួរបញ្ជាក់ថា លោក Carlos ដែលជាឪពុក​របស់កូនៗដល់ទី ០៩នាក់ នោះសព្វថ្ងៃកំពុង​រស់នៅក្នុងប្រទេស​អេស៉្បាញ និងមានតួនាទីជា​អគ្គរដ្ឋទូត​សម្រាប់ក្លឹប​បាល់​ទាត់ Real Madrid៕