(ប៉េកាំង)៖ មនុស្សចំនួន ០៩នាក់ស្លាប់ និង ១៥៣នាក់រងរបួស នៅក្នុងទីក្រុងម៉ាកាវ ហុងកុង និងខេត្តក្វាងទុង ប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុង​ដ៏មាន​ឥទ្ធិពលមួយ បាននិងកំពុងវាយប្រហារ​​តាមបណ្តោយឆ្នេរ​ភាគខាងត្បូង​នៃប្រទេស​កាលពីរសៀលថ្ងៃពុធ រហូតមកទល់នឹងព្រឹក​ថ្ងៃព្រហស្បតិ៍នេះ ជាមួយល្បឿនខ្យល់​​យ៉ាង​សន្ធប់រហូត​ដល់ ៤៥ម៉ែត្រ​ក្នុងមួយវិនាទី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

ព្យុះទីហ្វុងដែលមានឈ្មោះថា «ហាតូ (Hato)» គឺជាព្យុះទីហ្វុង​ទី ១៣ ហើយ ដែលបានវាយប្រហារ​មកលើ​ប្រទេសចិន។ ជាមួយគ្នានេះ ទីភ្នាក់ងារ​ឧតុ​និយម​ជាតិចិន បានប្រកាសអំពាវនាវឲ្យអាជ្ញាធរដែលពាក់ព័ន្ធ និងប្រជាជនទាំងអស់ រួមគ្នាទប់ស្កាប់គ្រោះមហន្តរាយផ្សេងៗ ដែលអាចបង្កឡើង​ដោយគ្រោះទឹកជំនន់ នៅ​តាមជួរភ្នំ និងធ្វើការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរអិលបាក់ដីដែលអាចកើតមានឡើង។

គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់ និងរបួសនោះ ទីក្រុងម៉ាកាវដ៏ទំនើបរបស់ចិន ក៏បានដាច់ចរន្តអគ្គិសនី​ជាច្រើនម៉ោងផងដែរកាលពីថ្ងៃពុធ ហើយដោយឡែកនៅខេត្តក្វាងទុងវិញ ផ្ទៃដីដំណាំចំនួន ៦៦៤ហិកតា​រងការលិចលង់ និងប្រជាជន ២៦,៨១៧នាក់​ត្រូវបង្ខំឲ្យភៀសទៅរកតំបន់សុវត្ថិភាពស្នាក់នៅ។ បច្ចុប្បន្ន​ក្រុមសង្គ្រោះកំពុងតែព្យាយាម ដើម្បីសង្គ្រោះភូមិប្រជាជនដែលងាយរងគ្រោះ ខណៈភយន្តរាយនៃទឹកកកជំនន់​ដែលបង្កឡើងដោយព្យុះ ហាតូ អាចនឹងមានទំហំធំធេងខ្លាំងណាស់ ប្រចាំឆ្នាំ២០១៧នេះតែម្តង៕