(យ៉េមែន)៖ កងយន្តហោះចម្បាំងដឹកនាំ​ដោយ​អារ៉ាប់ប៊ីសាអូឌីត ដែលបានបើកប្រតិបត្តិការ​ទម្លាក់គ្រាប់បែក​ចំ ទៅលើសណ្ឋាគារ​មួយកន្លែង ក្បែរ​រដ្ឋ​ធានី សាណាអា (Sanaa) នៃ​ប្រទេស​​យ៉េមែន កាលពីព្រឹកថ្ងៃពុធសប្តាហ៍​នេះនោះ (ពេលវេលា​នៅតំបន់កើតហេតុ) បានបណ្តាលឲ្យ​មនុស្សយ៉ាងតិច ៦០នាក់ និងជាច្រើននាក់​រងរបួស។ នេះបើ​តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧។

សណ្ឋាគារកម្ពស់​ពីរជាន់ដែលបាន​ទទួលរងការវាយប្រហារ​នេះ ដែលស្ថិតក្នុ​ងតំបន់ បេត អាល់ អ៊ែដហារី (Bait al-Edhari) នៃស្រុក អាហាប (Arhab) ភាគខាងជើងទីក្រុង សាណាអា (Sanaa) ដែលជាទីជម្រក​របស់​ក្រុមឧទ្ទាមប្រឆាំង​រដ្ឋាភិបាល ហួសទី (Houthi) របស់ប្រទេសយ៉េមែន។ ពុំមាននរណាម្នាក់​ដឹងថា មានមនុស្សសរុប​ចំនួនប៉ុន្មាននាក់ ដែលស្ថិតនៅទីនោះ​​ក្នុង​អំឡុង​ពេល​កើតហេតុ​​នោះ​ឡើយ​​ ក៏ប៉ុន្តែភ្នាក់ងារ​ជួយសង្រ្គោះ​បានឲ្យដឹងថា មកទល់ពេលនេះ ពួកគេអូស​បានសាកសព​ចំនួន ៦០នាក់ ហើយចេញ​ពីក្រោមគំនរបាក់​បែក​​របស់​អគារ​សណ្ឋាគារ។​​

គួរបញ្ជាក់ថា ក្រុមឧទ្ទាម Houthi បាននិងកំពុងប្រយុទ្ធ​តតាំងយ៉ាងស្វិតស្វាញ​ប្រឆាំងនឹងរដ្ឋាភិបាល​យ៉េមែន ដែលគាំទ្រដោយ​ព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្តដទៃៗ​ទៀត​នៅក្នុងសង្រ្គាម​ស៊ីវិលនៃប្រទេស​មជ្ឈិមបូព៌ាមួយនេះ ដែលបើតាម​របាយការណ៍ចេញ​ផ្សាយដោយ ទីភ្នាក់ងាររបស់ UN បាន​ផ្តាច់​យក​ជីវិតមនុស្ស​ច្រើនជាង ១០,០០០នាក់ (ភាគច្រើន​ជាជន​ស៊ីវិល) និងមនុស្សជាង ០៣លាននាក់​ទៀតបាត់បង់​ទីជ្រកកោន ហើយត្រូវ​ភៀសខ្លួន៕