(ម៉ូស្គូ)៖ អ្នកជំនាញយោធារុស្ស៊ី លោក អូឡេក ផូណូម៉ារិនកូ (Oleg Ponomarenko) បាននិយាយថា ការធ្វេសប្រហែស គឺជាមូលហេតុនៅពី​ក្រោយគ្រោះថ្នាក់ នាវាពិឃាត​អាមេរិក USS ​John S. McCain បុក ជាមួយនាវាដឹកប្រេង​មួយគ្រឿងនៅក្បែរ​ច្រកសមុទ្រ ម៉ាឡាក់កា (Malacca) កាលពីថ្ងៃចន្ទ ដែលបណ្ដាលឱ្យនាវិក ០៥នាក់ រងរបួស។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយ Sputnik​ លោក Ponomarenko បានលើក​ឡើងយ៉ាងដូច្នេះថា «គេមិនអាច​ទម្លាក់កំហុស តែទៅលើបញ្ហា​បច្ចេកទេសមួយមុខ​នោះទេ តែទិដ្ឋភាព​ខាងក្រៅ ក៏អាចជាបញ្ហាដែរ ក្នុងនោះរួមមាន​ទាំងបរិក្ខានាវា និងក្រុមនាវិក​ពិសេស ដែលជា​អ្នកត្រួតពិនិត្យ​មើលស្ថានភាពនៅជុំវិញ​នាវាមួយនេះ... ហើយខ្ញុំគិតថា​ការធ្វេសប្រហែស​អាចជាមូលហេតុ នំាឱ្យនាវាពិឃាត​អាមេរិកបុកជា​មួយនាវាដឹកប្រេង»

គួររំលឹកថា គ្រោះថ្នាក់​បុកគ្នារវាង​នាវាពិឃាត​អាមេរិក USS ​John S. McCain និងនាវាដឹក​ប្រេងឈ្មោះ Alnic MC កាលពីថ្ងៃចន្ទ បានបង្កឱ្យនាវិក ០៥នាក់រងរបួស និង១០នាក់ផ្សេងទៀតបាត់ខ្លួន ហើយមួយថ្ងៃបន្ទាប់​សហរដ្ឋអាមេរិក បានសម្រេចចិត្តផ្អាក​ប្រតិបត្តិការនាវាចម្បាំង​របស់ខ្លួន នៅទូទាំងពិភពលោក។​ ប៉ុន្តែមកទល់ពេលនេះ ទីក្រុង​វ៉ាស៊ីនតោន មិនទាន់បញ្ជាក់ពី​មូលហេតុនៃគ្រោះថ្នាក់នេះ​នៅឡើយទេ ខណៈការស៊ើបអង្កេត​កំពុងដំណើរការណ៍៕