(ម៉ូស្គូ)៖ កងយន្តហោះ​ចម្បាំងរបស់ប្រទេសរុស្ស៊ី ដែលឈរជើងនៅលើទឹកដីស៊ីរី បានបើកប្រតិបត្តិការ​កម្ទេចក្បួន​ធ្វើដំណើរ​របស់ក្រុម​សកម្មប្រយុទ្ធ ISIS ដែលសំដៅ​ឆ្ពោះ​ទៅកាន់​ទីក្រុង ឌែរ អេស ហ្សួរ (Deir ez-Zor) ដើម្បីប្រមូលផ្តុំ​កម្លាំងគ្នា ខណៈពួកភេរវករ​នេះ ទើបតែបាន​ធ្វើសកម្មភាពវាយប្រហារ​ភេរវកម្ម​ដោយកាំបិត នាពេលថ្មីៗនេះ​នៅក្នុង​ទីក្រុង​ស៊ឺហ្គូត (Surgut) ភាគកណ្តាល​រុស្ស៊ី ដែលបានបណ្តាល​ឲ្យមនុស្ស ០៧នាក់របួស។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​រសៀល​ថ្ងៃចន្ទ ទី២១​ ខែសីហា ឆ្នាំ២០១៧។

ក្រសួងការពារជាតិ​រុស្ស៊ី បានចេញ​សេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា «កងទ័ពជើង​អាកាសរុស្ស៊ី​បានកម្ទេចក្បួន​ធ្វើដំណើរខ្នាតធំ​មួយទៀត​ហើយ​របស់ក្រុម​ភេរវករ ISIS ដែលមានគោលដៅ​ទៅកាន់ទីក្រុង Deir ez-Zor ជាទីដែលក្រុម​ភេរវករអន្តរជាតិ​នេះ កំពុងតែព្យាយាម​ប្រមូលផ្តុំកម្លាំង​គ្នាឡើងវិញ ហើយ​កសាង​​មូល​ដ្ឋាន​ស្នូល​ចុង​ក្រោយ​របស់ពួកគេ​នៅក្នុង​ប្រទេសរុស្ស៊ី»។ យោងតាម​សេចក្តី​ថ្លែងការណ៍​ដដែល ប្រតិបត្តិការក្តៅនេះ​បានផ្តាច់ជីវិត​អ្នកប្រយុទ្ធ ISIS លើស​ពី ​២០០នាក់ និងកម្ទេច​យានយន្ត​ជាង ២០គ្រឿង រួមមានទាំង​រថពាសដែក, រថក្រោះ, រថយន្តដឹក​គ្រាប់ធុនធ្ងន់​ជាដើម។

គួរបញ្ជាក់ថា នាថ្ងៃដដែលនេះ​ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ISIS បានប្រកាសថា ខ្លួនជាអ្នកបង្ក​ការវាយប្រហារ​ដោយប្រើប្រាស់​កាំបិត ដែលបណ្តាល​ឱ្យមនុស្ស ០៧នាក់រងរបួស​ក្នុងទីក្រុង Surgut ភាគណ្តាល​ប្រទេស​រុស្ស៊ី កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈជនបង្កត្រូវ​បានកម្លាំងសន្តិសុខ​សម្លាប់ភ្លាមៗ ៕