(សេអ៊ូល)៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល នៅថ្ងៃចន្ទនេះបានជំរុញឱ្យកូរ៉េខាងជើងកុំបង្ករឿង និងត្រឡប់មក​រកតុចរចាវិញ ខណៈកងទ័ពកូរ៉េខាងត្បូង និងអាមេរិកកំពុង​ដឹកនាំការ​ធ្វើសមយុទ្ធ យោធាទ្រង់ទ្រាយធំ​​ប្រចាំឆ្នាំ ដែលទីក្រុងព្យុងយ៉ាង​តែងតែ​ចាត់ទុក​ថា ជាការត្រៀម​លក្ខណៈ​ចូល​ឈ្លាន​ពាន និង​ផ្ដួលរំលំ​របបដឹកនាំ លោក គីម ជុងអ៊ុន។ នេះបើតាម​​ការចេញផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃចន្ទ​ ទី២១ ខែសីហា ឆ្នាំ២០១៧។

យោងតាម​យោធា​កូរ៉េខាងត្បូង សមយុទ្ធយោធា​ប្រចាំឆ្នាំ Ulchi Freedom Guardian (UFG) ប្រព្រឹត្តទៅពីថ្ងៃចន្ទ​នេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ដោយមានការ​ចូលរួមពី​កងទ័ព​​អាមេរិក ១៧,៥០០នាក់ និង​កូរ៉េខាងត្បូង ៥០,០០០នាក់ ក៏ប៉ុន្តែចំនួន​កងទ័ពអាមេរិក​ចូលរួម​នៅក្នុងសមយុទ្ធយោធា​លើកនេះ គឺមានចំនួនតិចជាង​កាលពី​ឆ្នាំ​មុន ដែលមាន​រហូតដល់ ២៥,០០០នាក់ ចូលរួម។ យ៉ាងណាក៏ដោយ រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក លោក ជែមស៍ ម៉ាត់ទីស (James Mattis) បានអះអាងថា ការកាត់បន្ថយ​ចំនួនកងទ័ពអាមេរិក មិនមាន​ជាប់ពាក់ ព័ន្ធនឹងភាពតានតឹង​នៅលើឧបទ្វីបកូរ៉េ ឬក៏ការគំរាមកំហែង​ពីកូរ៉េខាងជើង​នោះទេ។
ជាមួយគ្នានោះដែរ ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង លោក បេក តែយុន (Baik Tae-hyun) បានលើកឡើងថា «UFG គឺជាសមយុទ្ធ​យោធាប្រចាំ និងពង្រឹង​សមត្ថភាព​ការពារសម្ព័ន្ធមិត្ត​តែ​ប៉ុណ្ណោះ... ដូច្នេះយើងស្នើ​ឱ្យកូរ៉េខាងជើង​បញ្ឈប់រាល់សកម្មភាព​បង្ករឿង ហើយត្រឡប់​មករកតុ​ចរចាវិញ តាមដែលអាច​ធ្វើទៅបាន»

គួរបញ្ជាក់ថា រាល់ការធ្វើសមយុទ្ធ​យោធារវាង​កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានកូរ៉េខាងជើង​ចាត់ទុកថា គឺជាការត្រៀម​លក្ខណៈ​ចូលឈ្លាន​​ពានចង់ផ្ដួលរំលំ​របប​ដឹកនាំ លោក គីម ជុងអ៊ុន ហើយជារឿយៗ​ទីក្រុងព្យុងយ៉ាង តែងតែគំរាម​ធ្វើសង្រ្គាម និងដឹកនាំ​ការបាញ់សាកល្បង​មីស៊ីល​ ជាការឆ្លើយតបនឹង​សមយុទ្ធយោធា​របស់សម្ព័ន្ធមិត្ត​ទាំងពីរ។ ជាក់ស្ដែង កាលពីថ្ងៃអាទិត្យ កូរ៉េខាងជើង​បានគំរាមជាថ្មី​ម្ដងទៀតថា បច្ចុប្បន្ន​ខ្លួនមានសមត្ថភាព​​វាយប្រហារលើ​សហរដ្ឋអាមេរិក​​គ្រប់ពេលវេលា​គ្រប់ទីកន្លែង​មិនថា រដ្ឋហាវ៉ៃ ឬក៏កោះហ្គាំឡើយ ហើយថា​​ទីក្រុង​វ៉ាស៊ីនតោន កំពុងយល់ច្រឡំធំ​​ហើយ​ដែលគិតថា ខ្លួននឹងមាន​សុវត្ថិភាព​ព្រោះនៅឆ្ងាយ​​ពី​កូរ៉េខាងជើងនោះ៕