(​គូឡាំឡាពួរ)៖ អាជ្ញាធរម៉ាឡេស៊ី​​នៅថ្ងៃចន្ទនេះ​​បាននិយាយថា ខ្លួនពេញចិត្តនឹងចូលរួម​​នៅក្នុងប្រតិបត្តិការ​តាមស្វែងរក និងជួយសង្រ្គោះ​បន្ទាប់ពីនាវាពិឃាត​អាមេរិក USS John S. McCain បានបុកគ្នាជា​មួយនាវាដឹកទំនិញ​មួយគ្រឿង នៅឯច្រកសមុទ្រ ម៉ាឡាក់គា(Malacca) ដោយបានបណ្តាល​ឲ្យនាវិក ០៥នាក់ រង​របួស និង ១០នាក់ផ្សេងទៀត​បាត់ខ្លួន។ នេះបើតាម​ការចេញ ផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០១៧។

នាវាពិឃាត បំពាក់មីស៊ីលប្រដេញរបស់អាមេរិកខាងលើនេះ បានបុកនាវាដឹកកុងតឺន័រ ដែលមានឈ្មោះថា Alnic MC ខណៈដែលវាកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើត នៃប្រទេសសិង្ហបុរី។ របាយការណ៍កងនាវាចម្បាំងទី៧ របស់សហរដ្ឋអាមេរិក បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ខាងលើនេះ​ បានកើតឡើងនៅ​វេលាម៉ោង ៦៖២៤នាទីព្រឹកថ្ងៃចន្ទនេះ​តែម្តង ម៉ោងនៅប្រទេសសិង្ហបុរី ដោយនាវាពិឃាតអាមេរិក USS John McCain បានរងការខូចខាត​នៅផ្នែកខាងឆ្វេងយ៉ាងដំណំ។

ចំណែកឯ​ម្ចាស់កម្មសិទ្ធិនៃនាវាដឹកកុងតឺន័រខាងលើនេះ គឺត្រូវបានគេបញ្ជាក់ថា ជារបស់ប្រទេសលីបេរីយ៉ា ដែលអាចស្តុកទំងន់បាន ៣០,០០០តោន និងមានប្រវែង ១៨៣ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ ព្យឿងតេក (Pyeongtaek) នៃប្រទេស កូរ៉េខាងត្បូង ឆ្ពោះមកកាន់សិង្ហបុរី។ បច្ចុប្បន្ននេះឆ្មាំការពារដែនសមុទ្រ និងកងកម្លាំងជើងទឹករបស់អាមេរិក កំពុងតែចេញទូកស្វែងរក និងសង្គ្រោះអ្នក​​ដែលកំពុងបាត់ដំណឹងទាំង១០នាក់ នោះហើយ។

បន្ថែមពីនេះជុំវិញឧប្បដិហេតុដែរ មេបញ្ជាការនៃកងនាវាម៉ាឡេស៊ី លោក អាម៉ាដ កាម៉ារូហ្សាម៉ាន់ អាម៉ាដ បាដារ៉ូដឌី (Ahmad Kamarulzaman Ahmad Badaruddin) បានបញ្ជាក់ថា «កងនាវា នៃកងកម្លាំងទ័ពអាកាស និងឆ្មាំ​សមុទ្រម៉ាឡេស៊ី បាននិងកំពុងដឹកនាំ​ប្រតិបត្តិការតាមស្វែងរក និងជួយង្រ្គោះ បន្ទាប់ពីកើតហេតុការណ៍​នាវាបុកគ្នាកាលពីព្រឹកថ្ងៃចន្ទនេះ។»

គួរបញ្ជាក់ថា នេះជាហេតុការណ៍ទីពីរហើយក្នុងឆ្នាំ២០១៧ នេះ ដែលនាវាពិឃាតអាមេរិក​ជួបគ្រោះ​ថ្នាក់ ដោយលើកទី១ នោះគឺត្រូវបាននាវាដឹកកុងតឺន័រខ្នាតធំរបស់ហ្វីលីពីនបុក កាលពីពីរខែមុន​នៅក្នុងដែនទឹក​ប្រទេសជប៉ុនបាន​សម្លាប់នាវិ​កអាមេរិក ០៧នាក់ ខណៈរឿងក្តីនោះ​កំពុងត្រូវបានអូសបន្លាយ​មកទល់នឹងបច្ចុប្បន្ន ដោយអាជ្ញាធរជប៉ុន រួមនឹងសហរដ្ឋអាមេរិក។

ងាកមកមើល USS John McCain វិញគឺជាប្រភេទនាវា​ចម្បាំង​បំពាក់មីស៊ីល មកពីកងប្រតិបត្តិការ​ជើងទឹកលេខ ៧ របស់សហរដ្ឋអាមេរិក មានប្រភពនៅមូលដ្ឋានទ័ពកោះ យូកូស៊ូកា (Yokosuka) របស់ប្រទេសជប៉ុន។ រឿងក្តីថ្មីនេះ ក៏នឹងត្រូវបន្តធ្វើការដោះស្រាយផងដែរ បន្ថែមពីលើរឿង​ក្តីបុកគ្នាលើកមុន​ជាមួយនាវាដឹកទំនិញខ្នាតធំ​របស់ហ្វីលីពីន ដែលមិនទាន់បញ្ចប់នៅឡើយទេ៕